ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNBC បានចុះផ្សាយថា ការបិទរដ្ឋាភិបាលអាមេរិក(Shutdown) អាចជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិកនឹងត្រូវបានពន្យារពេល។
ការណ៍នេះបណ្តាលឱ្យមានភាពមិនច្បាស់លាស់នៅក្នុងទីផ្សារហិរញ្ញវត្ថុ និងជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។ ជាមួយគ្នានេះ តម្រូវការអចលនទ្រព្យពាណិជ្ជកម្មនឹងធ្លាក់ចុះ ដោយសារក្រុមហ៊ុន និងភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិកពន្យារពេល ឬលុបចោលគម្រោងជួលការិយាល័យជាដើម។
លើសពីនេះ បណ្តាអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍នឹងជួបប្រទះការលំបាកកាន់តែខ្លាំងក្នុងការទទួលបានហិរញ្ញប្បទាន និងបំពេញប្រតិបត្តិការ ស្របពេលមានភាពមិនច្បាស់លាស់ និងការប្រែប្រួលទីផ្សារ។
ការបិទរដ្ឋាភិបាលបណ្តាលឱ្យមានការផ្អាកការចេញផ្សាយរបាយការណ៍ទីផ្សារការងារប្រចាំខែកញ្ញាពីការិយាល័យស្ថិតិការងារ ដោយជះផលប៉ះពាល់ដល់បណ្តាវិនិយោគិន ដែលត្រូវការទិន្នន័យប្រភេទនេះដើម្បីធ្វើការសម្រេចចិត្តអំពីស្ថានភាពសេដ្ឋកិច្ច និងស្ទាបស្ទង់អំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
ប្រសិនបើការបិទរដ្ឋាភិបាលនៅតែបន្តអូសបន្លាយ ការិយាល័យជំរឿននឹងមិនចេញផ្សាយទិន្នន័យសេដ្ឋកិច្ចស្តីពីការវិនិយោគលើវិស័យសំណង់ និងការសាងសង់លំនៅដ្ឋានថ្មីនោះទេ។ ទិន្នន័យទាំងនេះជាគន្លឹះសម្រាប់បណ្តាអ្នកវិនិយោគអចលនទ្រព្យក្នុងការសម្រេចចិត្ត។
ទីផ្សារអចលនទ្រព្យលក់រាយ និងបដិសណ្ឋារកិច្ចនឹងអាចរងផលប៉ះពាល់លឿនជាងគេបំផុត ដោយសារទីផ្សារទាំង២នេះពឹងផ្អែកទាំងស្រុងលើតម្រូវការអ្នកប្រើប្រាស់។ ការចំណាយរបស់ពលរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះ ជាពិសេសនៅក្នុងតំបន់ដែលមានបុគ្គលិករបស់រដ្ឋាភិបាលអាមេរិករស់នៅច្រើន។
វិបត្តិ Shutdown នៅសហរដ្ឋអាមេរិកបានចាប់ផ្តើកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ខណៈសភាអាមេរិកមិនអាចអនុម័តច្បាប់ថវិកាសម្រាប់ទ្រទ្រង់ការចំណាយរបស់រដ្ឋាភិបាល ដោយសារការខ្វែងគំនិតគ្នារវាងគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សប្រជាធិបតេយ្យ៕ប្រភព: CNBC៕