ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងអាល្លឺម៉ង់ បានពិភាក្សាគ្នាអំពីគម្រោងនៃការតភ្ជាប់ ជើងហោះហើរត្រង់រវាងប្រទេសទាំង២ នៅពេលអាកាសយាន្តដ្ឋានអន្តរជាតិតេជោបើកដំណើរការ។
កាលពីឆ្នាំ២០២៤ មានជនជាតិអាល្លឺម៉ង់ប្រមាណ៧,៥ ម៉ឺននាក់បានធ្វើដំណើរមកកម្ពុជា។
-->
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ កាលពីដើមសប្តាហ៍នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍កម្ពុជា ទៅចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin ក្នុងទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
នៅក្នុងជំនួបនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី៦ ខែមីនា រវាងលោក ហួត ហាក់ ជាមួយនឹង លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ភាគីទាំង២ បានពិភាក្សាគ្នាយ៉ាងច្រើនពីលទ្ធភាព ក្នុងការសិក្សាពីគម្រោងការតភ្ជាប់ ជើងហោះហើរត្រង់រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។

ភាគីទាំង ២ បានយល់ស្របគ្នាថា ការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប៦,៧លាននាក់ កើនឡើង២២,៩ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវអន្តរជាតិទាំងនោះ ជនជាតិអាល្លឺម៉ង់ មានចំនួន៧៤,៨៦១នាក់ កើនឡើង១៨,៨ភាគរយ ដោយក្នុងនោះភ្ញៀវទេសចរ មានចំនួន៦៩,៥២២នាក់ ក្រៅពីនោះគឺជាធុរកិច្ចជន។

ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានលើកឡើងថា ស្ថានភាពចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រាសាទបុរាណ ក្នុងខេត្តសៀមរាប បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីចុងឆ្នាំ២០២៤មក។
លោកបញ្ជាក់ថា “កំណើននេះ អាចមកពីកត្តារួមផ្សំមួយចំនួនដូចជា ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកល ព្រមជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាលើការផ្សព្វផ្សាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែជាដើម”។
លោកបន្ថែមទៀតថា កំណើនជើងហោះហើរត្រង់ ពីក្រៅប្រទេសមកកម្ពុជា ក៏ជាចំណែកសំខាន់ធ្វើឱ្យកម្ពុជា ទទួលបានភ្ញៀវច្រើនផងដែរ។
លោកខៀវ ធីបានបញ្ជាក់ទៀតថា ជាការល្អណាស់ប្រសិនបើមានជើងហោះហើរអន្តរជាតិ កាន់តែច្រើនចូលមកកម្ពុជា។ វានឹងកាន់តែពិសេសបន្ថែមទៀត ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ អាចមកចុះចតផ្ទាល់ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប ដែលជាតំបន់ប្រាសាទបុរាណដ៏ល្បីល្បាញលើពិភពលោក”៕
