ប្រទេសចិនតម្រូវឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យលើកកំពស់ស្តង់ដារអគារលំនៅដ្ឋានក្នុងគម្រោងរបស់ខ្លួន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា រដ្ឋាភិបាលចិនកំពុងដាក់ចេញនូវវិធានការនានាដើម្បីកែលម្អគុណភាពលំនៅដ្ឋាន ក្នុងគោលបំណងជំរុញការលក់ និងស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងដាំក្បាលចុះ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានព្រមានថា “ការកំណត់ស្តង់ដារសម្រាប់ផ្ទះដែលមានគុណភាព អាចបង្កការលំបាកដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជួបវិបត្តិលំហូរសាច់ប្រាក់”។

ស្តង់ដារទាំងនោះ រួមមានដូចជា ការកំណត់រយៈកម្ពស់ពិដានអប្បបរមាចំនួន៣ម៉ែត្រសម្រាប់លំនៅដ្ឋានទាំងអស់ បើប្រៀបធៀបនឹងលក្ខខណ្ឌពីមុនចំនួន២,៨ម៉ែត្រ។ម៉្យាងវិញទៀត បច្ចេកវិទ្យាថ្មីគួរតែត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា អុីសូឡង់សំឡេង និងក្លិន។

លើសពីនោះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍គួរតែសាងសង់លំនៅដ្ឋានគ្រប់ទំហំ និងដាក់តម្លៃខុសៗគ្នាដើម្បីបំពេញតម្រូវការអតិថិជនគ្រប់ស្រទាប់វណ្ណៈ។នេះបើយោងតាមលោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរបស់ប្រទេសចិន។

ជាមួយគ្នានេះ ការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការជួសជុលផ្ទះមានអាយុកាលចំណាស់ នឹងក្លាយជាអាទិភាពកំពូលរបស់រដ្ឋាភិបាលចិន។

លោក Lu Wenxi អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា “ពិដានផ្ទះដែលទើបសាងសង់រួចរាល់ថ្មីៗភាគច្រើនអាចមានកម្ពស់ប្រហែល២,៦ម៉ែត្រ ដែលធ្វើឱ្យអ្នកទិញយល់ថា ផ្ទះនោះមានទំហំតូចចង្អៀត”។

អ្នកវិភាគរូបនេះបានបន្តថា គម្រោងអភិវឌ្ឍន៍នាពេលអនាគតនឹងអនុវត្តន៍តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់គុណភាពជីវិត និងជំរុញស្តង់ដារខ្ពស់សម្រាប់អគារលំនៅដ្ឋាន។

លោក Lu បានបញ្ជាក់ថា “វិធានការនេះនឹងជួយជំរុញការលក់លំនៅដ្ឋានរបស់បណ្តាអ្នកអភិវឌ្ឍន៍”។

ទោះជាយ៉ាងណា ការកំណត់ស្តង់ដារខ្ពស់បែបនេះនឹងអាចធ្វើឱ្យថ្លៃដើមកើនឡើង និងបង្កជាការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ ដែលកំពុងជាប់ផុងក្នុងបញ្ហាបំណុល។

លោក Lu បានលើកជាឧទាហរណ៍ថា “គ្រាន់តែការចាក់បេតុងបន្ថែមចំនួន២០សង់ទីម៉ែត្រដើម្បីបំពេញតាមការកំណត់កម្ពស់ពិដានអប្បបរមាថ្មីចំនួន៣ម៉ែត្រនឹងធ្វើឱ្យថ្លៃដើមសំណង់មានការកើនឡើង”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here