ដោយ: សហសេវិក
អន្តរជាតិ: នៅក្នុងខែកញ្ញា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសសិង្ហបុរីបានលក់លំនៅឋានឯកជនថ្មីចំនួន ២៩៦ យូនីត ដែលចំនួននេះកើនឡើងជិតទ្វេដងធៀបនឹងចំនួន ១៥៣ យូនីតដែលបានលក់ក្នុងខែសីហា និងកើនឡើង ១៦,១ ភាគរយធៀបនឹងចំនួន ២៥៥ យូនីតដែលបានលក់ក្នុងខែកញ្ញា ឆ្នាំមុន។
នៅខែកញ្ញា អ្នកអភិវឌ្ឍន៍បានដាក់លក់លំនៅឋានចំនួន ១៥៨ យូនីត (មិនរាប់បញ្ចូលខុនដូប្រភេទ Executive Condominiums) កើនឡើងពីចំនួន ១១៦ យូនីតនៅក្នុងខែសីហា។ ចំនួននេះកើនឡើងជិត ៨ ដង បើធៀបនឹងចំនួន ២០ យូនីតដែលបានដាក់លក់ក្នុងខែកញ្ញា ឆ្នាំមុន។
ប្រសិនបើគិតបញ្ចូលទាំងខុនដូប្រភេទ ECs ផងនោះ អ្នកអភិវឌ្ឍន៍បានលក់លំនៅឋានសរុបចំនួន ៣១៩ យូនីតនៅក្នុងខែកញ្ញា បើធៀបនឹងចំនួន ១៧១ យូនីតក្នុងខែសីហា និង ២៧០ យូនីតក្នុងខែកញ្ញា កាលពីឆ្នាំមុន។
ការងើបឡើងវិញនេះបានកើតឡើង បន្ទាប់ពីមានសកម្មភាពស្ងប់ស្ងាត់ជាងមុនកាលពីខែសីហា ដោយសារកង្វះការដាក់លក់គម្រោងថ្មីៗធំៗ និងដោយសារជាប់នឹងអំឡុងពេលនៃពិធីបុណ្យសែនក្បាលទឹក (Hungry Ghost Festival)។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកយុទ្ធសាស្ត្រនៅក្រុមហ៊ុន Realion (OrangeTee & ETC Group) បានលើកឡើងថា «គិតត្រឹមថ្ងៃទី ១៥ ខែតុលា ចំនួននៃការលក់លំនៅឋានថ្មីសម្រាប់ខែតុលាមានចំនួន ៣៨០យូនីត ដែលចំនួននេះបានលើសពីចំនួន ២៩៦ យូនីតដែលបានកត់ត្រាក្នុងខែកញ្ញាទៅហើយ»៕







