ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្តេជ្ញាជំរុញការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសឱ្យបាន៧,៥លានាក់ ជាមួយនឹងទំនិញ៨០ពាន់តោន ក្នុងឆ្នាំ២០២៥។
លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ដែលធ្វើឡើងកាលពីសប្តាហ៍មុន។
-->
លោកបញ្ជាក់ថា កម្ពុជា បានអនុវត្តគោលនយោបាយបើកចំហជើងមេឃ តាំងពីឆ្នាំ១៩៩៩ មកទល់សព្វថ្ងៃ។ មានរយៈពេល២៦ឆ្នាំហើយ ក្នុងការជួយជំរុញឱ្យមានសន្ទុះរីកចម្រើន ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស”។លោលបន្ថែមថា “ការណ៍នេះ គឺដើម្បីឆ្លើយតបតម្រូវការ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់កម្ពុជា”។
បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។ គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

ដើម្បីសម្រេចគោលដៅលើការដឹកជញ្ជូន អ្នកដំណើរបាន៧,៥លាននាក់ ក្នុងឆ្នាំ២០២៥ លោកម៉ៅ ហាវណ្ណាល់ បានដាក់ចេញផែនការសកម្មភាពការងារមួយចំនួន។ ក្នុងនោះ មានការជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។ នេះបើតាមការចុះផ្សាយរបស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ជាមួយគ្នានេះ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងព្យាយាមរៀបចំឱ្យទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យ សុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO Coordinated Validation Mission/ICVM) ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ រួមទាំង ផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋានឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការនៅខែកក្កដា។
ក្រៅពីកិច្ចខាងលើ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងបាត់ដំបង និងបន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកអាចមានលទ្ធភាពកាន់តែទូលំទូលាយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។
លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជំរុញរួមទាំងសម្រួលនីតិវិធីនានា ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់ភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប៕
