ដោយ: គង់ លាងហួរ
ភ្នំពេញ: របាយការណ៍មួយបានព្យាករណ៍ថា ប្រទេសកម្ពុជានឹងសម្រេចបាននូវអត្រាកំណើននៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំខ្ពស់ជាងគេលំដាប់ទី៨ ក្នុងចំណោមបណ្តាប្រទេសចំនួន១៧០នៅលើពិភពលោក(គិតជាភាគរយ)។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ ដែលមានចំណងជើងថា“DHL TRADE ATLAS ”ប្រចាំឆ្នាំ២០២៥ បានបង្ហាញថា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់កម្ពុជានឹងកើនឡើងក្នុងរង្វង់៩ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ខាងមុខ។
ចំណែក ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវអត្រាកំណើននៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំខ្ពស់ជាងគេលំដាប់ទី១៥ នៅលើពិភពលោក ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ហ្វីលីពីននឹងកើនឡើងក្នុងរង្វង់៧ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
-->
រីឯ ប្រទេសឥណ្ឌូនេសុីត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវអត្រាកំណើននៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំខ្ពស់ជាងគេលំដាប់ទី២៥ នៅលើពិភពលោក ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ឥណ្ឌូនេសុីនឹងកើនឡើងក្នុងរង្វង់៧ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។

ប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបាននូវអត្រាកំណើននៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំខ្ពស់ជាងគេលំដាប់ទី២៩ នៅលើពិភពលោក ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់វៀតណាមនឹងកើនឡើងក្នុងរង្វង់៦ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
ចំណាត់ថ្នាក់លេខ៥៦ បានទៅលើប្រទេសមីយ៉ាន់ម៉ា ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់៥ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
ចំណាត់ថ្នាក់លេខ៧០ បានទៅលើប្រទេសម៉ាឡេសុី ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់៤ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
ប្រទេសសិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ៧៨ ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់សិង្ហបុរីត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់៤ភាគរយចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
ចំណែក ប្រទេសថៃរំពឹងឈរនៅលេខរៀងទី៩១ ខណៈប្រទេសប្រ៊ុយណេរំពឹងជាប់ចំណាត់ថ្នាក់លេខ១២៥ ហើយប្រទេសឡាវរំពឹងឈរនៅលេខរៀងទី១៦៩ ក្នុងចំណោមបណ្តាប្រទេសចំនួន១៧០នៅលើពិភពលោក។
របាយការណ៍ខាងលើនេះត្រូវបានរៀបរៀងឡើងដោយលោក Steve A Altman អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាសាស្រ្តាចារ្យនៅសាលាធុរកិច្ច NYU Stern នៃសាកលវិទ្យាល័យញូវយ៉ក (New York University Stern School of Business)៕ប្រភព: DHL.Com៕
