បណ្តាអ្នកអភិវឌ្ឍន៍រំពឹងថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេសុីនឹងកើនឡើងនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ីបានបង្ហាញសុទិដ្ឋិនិយមថា តម្រូវការអចលនទ្រព្យនឹងកើនឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥នេះ។ប៉ុន្តែ ពួកគេនៅតែរក្សាការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃថ្លៃដើមក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។

យោងតាមការស្ទង់មតិដោយសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) បានរកឃើញថា “ចំនួនជាង៥០ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍បានបង្ហាញពីទំនុកចិត្តលើនិន្នាការរបស់ទីផ្សារអចលនទ្រព្យ និងការលក់”។

លើសពីនេះ ការស្ទង់មតិដដែលបានរកឃើញថា ចំនួន៤១ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍ទាំងនោះ មានចំនួនលំនៅដ្ឋានដែលលក់មិនដាច់ភាគច្រើនក្នុងតម្លៃចន្លោះពី៤០០.០០១រីងហ្គីត ទៅ៥០០.០០០រីងហ្គីតក្នុងមួយយូនីត។

លោក Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) បានអះអាងថា “អ្នកអភិវឌ្ឍន៍បន្តមានក្តីបារម្ភ ដោយសារភាពមិនច្បាស់លាស់នៃតម្លៃថាមពល ការពិនិត្យឡើងវិញលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលម៉ាឡេសុីលើតម្លៃប្រេងឥន្ធនៈ ពន្ធ និងបន្ទុកនៃការចំណាយផ្សេងៗទៅកាន់ភ្នាក់ងារអចលនទ្រព្យ”។

ការស្ទង់មតិបានរកឃើញទៀតថា អ្នកអភិវឌ្ឍន៍ភាគច្រើនបានរាយការណ៍ពីការកើនឡើងនៃការចំណាយចន្លោះពី៣%ទៅ៦%។លើសពីនេះទៀត ចំនួន៥៦ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍បានព្រមានពីបញ្ហាប្រឈមនានា ដូចជាការកើនឡើងនៃតម្លៃសម្ភារៈសំណង់ កង្វះការផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម។

លោក Ho បានកត់សម្គាល់ថា “ខណៈរដ្ឋាភិបាលម៉ាឡេសុីកំពុងធ្វើការដើម្បីដោះស្រាយកង្វះនៃការផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម បញ្ហាប្រឈមទាំងនេះកំពុងក្លាយជាបន្ទុកនៃការចំណាយកាន់តែខ្ពស់សម្រាប់ទាំងឧស្សាហកម្មអចលនទ្រព្យ និងសេដ្ឋកិច្ចជារួម”។

ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បណ្តាអ្នកអភិវឌ្ឍន៍ជាងមួយភាគបីបានចាត់វិធានការកាត់បន្ថយការចំណាយ រួមមានការផ្អាកការជ្រើសរើសបុគ្គលោក ការកាត់បន្ថយទំហំនៃគម្រោង និងការពន្យារពេលក្នុងការបើកដំណើរការ៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here