ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋដើរកំសាន្តច្រើន ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានចាប់ផ្តើមពីថ្ងៃទី១៤ដល់១៦ មេសាកន្លងមកនេះ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជាបានអះអាងថា ប្រជាជនកម្ពុជាចំណាយប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មេសានេះថា ក្នុងរយៈពេលបីថ្ងៃនេះប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរកំសាន្តនៅតាមបណ្តាខេត្តនានា ពិសេសបណ្តាខេត្តរៀបចំសង្រ្កានចំនួន៤,៧លាននាក់ ប៉ុន្តែចំនួននេះមិនទាន់រាប់នៅតាមវត្តអារ៉ាម និងការកំសាន្តនៅតាមផ្ទះឬតាមរមណីយដ្ឋានឬក្រោមដើមឈើនៅឡើយទេ។ បើគិតទាំងប្រជាជនកំសាន្តនៅតាមវត្តអារ៉ាម និងតាមផ្ទះ គឺមានប្រជាជនកម្ពុជាប្រមាណ៧លាននាក់ បានចូលរួមអបអរសាទរពិធីបុណ្យនេះ។
-->
លោកបន្តថា “បើគិតជាមធ្យមប្រជាជនម្នាក់ចំណាយ ១០០ដុល្លារ គឺការចំណាយសំរាប់បុណ្យនេះមាន៤៧០លានដុល្លារ ហើយចំនួននេះមិនគិតពីការចំណាយសំរាប់អ្នកកំសាន្តនៅតាមវត្តអារ៉ាម និងតាមលំនៅដ្ឋាននៅឡើយ។លោកបន្តថា “ការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ មានលក្ខណៈពិសេសដោយខេត្តនិមួយៗមានរៀបចំតំបន់ត្រជាក់ ដែលអាជ្ញាធរខេត្តបានរៀបចំសង្រ្កាននិងមានការបាញ់ទឹករាំកំសាន្ត”។
លោករដ្ឋមន្រ្តីបានបន្តថា “ការរៀបចំកំសាន្តនេះមានភាពទាក់ទាញ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង ហើយអ្វីពិសេសគឺយុវជនបានភ្ជាប់សកម្មភាពជាមួយវប្បធ៌ម យុវជនជាសរសរទ្រូង”។
លោកថោង ខុនបានបន្តថា ប្រជាជនមានភាពសប្បាយរីករាយណាស់ ពួកគេពេញចិត្តនឹងសន្តិភាព និងការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឆ្នាំនេះ អាចយកមកធ្វើជាមូលដ្ឋានសំរាប់ឆ្នាំក្រោយឲ្យកាន់តែល្អប្រសើរថែមទៀត”៕






