ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាទូទៅគេតែងសង្កេតឃើញមានមនុស្សជាច្រើនលើកឡើងថា ការរំពឹងចំណូលតែមួយមុខពីការទទួលបានពីការស៊ីឈ្នួលធ្វើការ ដោយទទួលបានតែប្រាក់ខែគឺវាមិនទាន់គ្រប់គ្រាន់សម្រាប់ជីវភាពនៅឡើយនោះទេ ហើយវាក៏ជាការប្រឈមទៅនឹងហានិភ័យខ្ពស់ផងដែរ ដែលប្រការនេះ ស្របទៅនឹងការលើកឡើងរបស់អ្នកជំនាញ ជាមួយនឹងការផ្តល់ជាគំនិត និងយោបល់ឱ្យងាកទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីអាចទទួលបានប្រភពចំណូលដ៏រឹងមាំ។
តាមការសិក្សាស្រាវជ្រាវពីបុគ្គលដែលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន ២៣៣ នាក់ ឃើញថាពួកគេជិតចំនួន ២ ភាគ៣ (៦៥%) មានចំណូលចំនួន៣ប្រភព។ វាជាការសមហេតុផលម្យ៉ាងដែរ ព្រោះបើប្រភពចំណូលណា ១មានបញ្ហា នោះក៏មិនបង្ករហានិភ័យធ្ងន់ធ្ងរនោះដែរ។ លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញដែរថា ដើម្បីបង្កើតប្រភពចំណូលច្រើន គឺពួកគេធ្វើនូវទង្វើរច្រំដែលៗ ពោលគឺ: “សន្សំ រៀន វិនិយោគ និងបន្តវិនិយោគនូវផលចំណេញបានមកពីការវិនិយោគនានា”។
លោក ង៉ែត ជូ បានលើកឡើងថា «តើអ្នកបង្កើតអាជីវកម្មដើម្បីអ្វី ? អាជីវកម្មបង្កើតថ្មីជាច្រើនដែលជោគជ័យនាពេលបច្ចុប្បន្ន គឺបង្កើតឡើងដោយគោលបំណងដ៏វិសេសវិសាលក្នុងការដោះស្រាយបញ្ហាសង្គម ។ នេះបើតាមសម្តីលោក Mark Lim នាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាននៃក្រុមហ៊ុនវិនិយោគរបស់សឹង្ហបុរី Temasek។ ជារឿយៗប្អូនៗយុវជនតែងប្រាប់ខ្ញុំថា គាត់បង្កើតអាជីវកម្មព្រោះខ្ជិលធ្វើការឱ្យគេ ចង់ក្លាយជាអ្នកមាន ឬចង់បង្កើតស្នាដៃដោយខ្លួនឯង។ល។ ខ្ញុំសូមផ្តល់យោបល់ថា គោលបំណងទាំងនេះ ពិបាកនឹងធ្វើឱ្យជោគជ័យណាស់ ព្រោះមិនបានចូលរួមដោះស្រាយបញ្ហារបស់សង្គមនោះទេ។
លោក ង៉ែត ជូ បានផ្តល់ជាគន្លឹះផងដែរថា ៖ «ប្រសិនបើអ្នកចង់ដើរចេញពីជីវិតរស់នៅដោយរំពឹងតែទៅលើប្រាក់ខែ អ្នកត្រូវតែពិចារណាទៅចំណុចសំខាន់ៗចំនួន៦ ៖ លោកបានបញ្ជាក់ថា ៖ «ចំណុចសំខាន់ៗ៦យ៉ាង ដែលអ្នកគួរដឹងប្រសិន បើចង់ចាកចេញពីជីវិតរស់នៅដោយសារប្រាក់ខែរួមមានដូចជា ៖ ទី១- ស្គាល់ពីភាពខុសគ្នារវាងទ្រព្យ និងបំណុល រួចផ្តោតលើការសន្សំទ្រព្យ។ ទី២ - ពង្រឹងចំណេះដឹងហិរញ្ញវត្ថុតាមរយៈការអាន ការប្រឹក្សាយោបល់ជាមួយអ្នកមានបទពិសោធន៍ និងការអនុវត្តផ្ទាល់។ ទី៣- បង្កើតប្រភពចំណូលអោយបានយ៉ាងតិច២ឬ៣ប្រភព។ ទី៤- មានជំនាញក្នុងការលក់បើទោះអ្នកមិនមែនជាបុគ្គលិកផ្នែកលក់ក៏ដោយ។ ទី៥- បង្កើតឬស្វែងរកឱកាសអោយបានច្រើន ប៉ុន្តែត្រូវចេះជ្រើសរើស និងផ្តោតលើឱកាសដែលសមស្របនឹងលក្ខណៈសម្បត្តិរបស់អ្នក។ ទី៦- ភាពភ័យខ្លាច និងការសង្ស័យជាឧបសគ្គដែលយើងត្រូវជំនះ»។
ដូច្នេះ ចំពោះអ្នកដែលមានបំណងចង់ចាកចេញពីជីវិតជាអ្នកស៊ីប្រាក់ខែជាថ្នូរនឹងការបំពេញការងារឱ្យគេ ហើយងាកមកបង្កើតអាជីវកម្មជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអាចជៀសផុតពីហានិភ័យបាន គួរធ្វើការពិចារណាទៅលើចំណុចសំខាន់ៗទាំង៦ ដែលអ្នកជំនាញបានលើកឡើងខាងនេះ ៕