ដោយ រ៉ាណេត
ភ្នំពេញ៖ ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ការអភិវឌ្ឍឈានឡើងពីយុវជនក្រីក្រម្នាក់ រហូតសម្រេចបានជោគជ័យជ័យក្នុងជីវិត លោកបណ្ឌិត គឹម ហ៊ាង បានប្រាប់ពីរបៀបនៃការរកលុយ ដោយថែមទាំងបញ្ជាក់ពីអាយុកាល ដែលត្រូវប្រឹងរកចំណូលសម្រាប់ជីវិតផងដែរ។
អគ្គនាយកក្រុមហ៊ុន Khmer Real Estate Co,.Ltd លោកបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាគោល និងជាគ្រឹះចម្បង ប្រជាជនកម្ពុជាដែលមានអាយុក្រោយ២០ឆ្នាំ ត្រូវតែខិតខំប្រឹងប្រែងរៀនឱ្យបានច្រើន ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងផ្នែកជំនាញ ជាពិសេសចំណេះដឹងផ្នែកភាសាតែម្ដង គឺត្រូវតែរៀនឱ្យបានច្រើន។ លោកបន្តថា បន្ទាប់ពីអាយុឈានឡើងចាប់ពីចន្លោះ ២០-៣០ឆ្នាំ គឺជាវ័យដែលចូលខ្លួនបម្រើការងារទទួលយកបទពិសោធន៍ និងចំណូលជាបណ្តើរៗ។
-->
លោកបន្តថា “នៅក្នុងរយៈពេលដែលមមាញឹក ក្នុងកិច្ចបំពេញការងារនេះ ខ្លួនអ្នកផ្ទាល់ត្រូវតែមានគោលគំនិតចម្បងមួយថា ពេលអនាគតចង់ចាប់ ឬចង់បង្កើតមុខជំនួញ ឬអាជីវកម្មណាមួយឱ្យប្រាកដដែលត្រូវទៅនឹងមុខជំនាញរបស់ខ្លួន”។
លោកបណ្ឌិត គឹម ហ៊ាង ដែលអ្នកមានបទពិសោធន៍ខ្ពស់ និងទទួលបានជោគជ័យលើមុខជំនួញផ្នែកវិស័យអចលនទ្រព្យបានបន្ថែមទៀតថា គិតជាមធ្យម ប្រជាជនខ្មែរអាចមានឱកាស និងរស់នៅជួបជុំគ្នាត្រឹមវ័យប្រមាណ៦៣ឆ្នាំតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់ដល់វ័យ ដែលចាប់ផ្តើមចេញបម្រើការងារ មានអ្នកខ្លះតែងប្រាថ្នាចង់ធ្វើការនៅក្រុមហ៊ុនមួយដែលធំ និងមានឈ្មោះល្បី។ ចំណុចនេះ លោកបានបញ្ជា់ថា នៅក្នុងរយៈពេលដែលអ្នកចេញធ្វើការវាមិនសំខាន់ ទៅលើក្រុមហ៊ុនមួយនោះជាក្រុមហ៊ុនដែលធំ និងល្បីឈ្មោះនោះទេ អ្វីដែលសំខាន់នោះត្រង់ថា តើម្ចាស់ក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រងក្រុមហ៊ុនជាមនុស្សប្រភេទណា តើគាត់ចេះមានការចែករំលែកចំណេះដឹងឬទេ អាចជួយបង្រៀន និងប្រឹក្សាដល់អ្នកបានដែរឬទេ នោះទើបវាជាការសំខាន់។
នៅពេលអ្នកចម្រើនវ័យក្នុងចន្លោះចាប់ពី៣០-៤០ឆ្នាំ វាគឺជាវ័យដែលអ្នកគួរតែចេះសម្រេចចិត្តចេញរកស៊ី ឬបង្កើតអាជីវកម្មដោយខ្លួនឯង។ នៅក្នុងប្រទេសកម្ពុជា មានមុខរបរជាច្រើន ដែលអាចផ្តល់ចំណូលច្រើនសណ្ឋាន ដូចជាមុខរបរខ្លះអាចត្រឹមមួយចម្អែតក្រពះ ហើយមុខរបរខ្លះអាចឱ្យអ្នកមានទ្រព្យសម្បត្តិធូរធាបាន ខណៈដែលនៅក្នុងអំឡុងពេលនេះ វាជាពេលដកបទពិសោធន៍ក្នុងការប្រកបមុខជំនួញរបស់អ្នក ហើយក៏ជាពេលដែលបញ្ជាក់ថា អ្នកមានជំនាញលើមុខជំនួញមួយណាឱ្យប្រាដកដែរ។ នៅពេលអ្នកឈានចូលដល់អាយុ៤០ឆ្នាំ អ្នកគួរតែធ្វើអ្វីដែលជាជំនាញរបស់អ្នក។ ចាប់កាន់វាឱ្យជាប់ ហើយប្រឹងព្យាយាមទាញយកផលពីវា ឱ្យបានកាន់តែច្រើនបំផុតតាមតែអាចធ្វើទៅបាន ព្រោះវាជាពេលដែលអ្នកអាចចម្រាញ់ យកប្រយោជន៍ពីមុខជំនួញនេះមានពេលកំណត់។

លោកបន្តទៀតថា “១០ឆ្នាំជាពេលដែលអ្នកអាចកំណត់ ពីកម្រិតជីវភាពរបស់អ្នកបាន។ នៅពេលអ្នកឈានដល់វ័យកាន់តែជ្រេរ អាយុចាប់ពី៥០ឆ្នាំឡើងទៅ ឱកាសនៃការរកចំណូលត្រូវបានកាត់បន្ថយ ឬបាត់បង់បន្ដិចម្ដងៗទៅតាមវ័យ និងកម្លាំងរបស់អ្នក”។លោកបន្តថា “ក្នុងវ័យនេះ លទ្ធភាពក្នុងការរកចំណូលមិនមានច្រើន ដូចគ្រាដែលអ្នកនៅក្មេងនោះឡើយ។ ហេតុនេះអ្នកគួរចំណាយពេលក្នុងការបង្ហាត់បង្រៀន និងផ្តល់នូវបទពិសោធន៍របស់អ្នកទៅកាន់មនុស្សជំនាន់ក្រោយ ដែលវាជាការចែករំលែក និងជាប្រយោជន៍ដល់សង្គមជាតិ”៕