រយៈពេល៣៥ឆ្នាំចិនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់រហូតដល់ប្រមាណ៣៦ពាន់លានដុល្លារអាមេរិក

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២៥ ចិនបានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ រហូតដល់ប្រមាណ៣៦ពាន់លានដុល្លារអាមេរិក។

    លោកហឿន សំនៀងអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍័កម្ពុជាបានថ្កែងបែបនេះ ក្នុងវេទិកាស្តីពី “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងវិបុលភាពរួម”កាលពីថ្ងៃទី១០ មេសាកន្លងមកនេះ។

វេទិកាខាងលើនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង អំពីការវិវត្តនិងវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សមិទ្ធផល បញ្ហាប្រឈម និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទស្សនវិស័យទៅអនាគត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកហឿន សំនៀង បានបញ្ជាក់ថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំង លើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍ យ៉ាងច្រើនសន្លឹកសន្ធាប់។ ក្នុងនោះ ទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ៣៦ពាន់លានដុល្លារអាមេរិក។

លោកបានបន្តឲ្យដឹងទៀតថា ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិន បានឈរនៅលំដាប់លេខ១ ឬ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែ​កជាង៣.៤២៣លានដុល្លារអាមេរិក ស្មើនឹង៤៩.៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគី លើកិច្ចការអភិវឌ្ឍចិនក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា ដែលចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណ៦ពាន់ លានដុល្លារអាមេរិកផងដែរ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រ ជាដើម។ នេះបើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here