ក្រុមមន្រ្តីចុះពិនិត្យគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក

ចែករំលែក

ដោយៈ និស្ស័យ

កណ្តាលៈ លោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេក​ទេសចុះពិនិត្យវឌ្ឍនភាពការងារ តាមបណ្តោយផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ខេត្តកណ្តាល រហូតដល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាង ធនាគារ AIIB ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមមួយចំនួន។

ជាលទ្ធផល ក្រុមការងារបច្ចេកទេសបានពិនិត្យ និងឯកភាពក្នុងការសិក្សាហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព តាមទីតាំងសាលារៀន ( Safe School Zone) និងការកែលម្អគំនូសប្លង់បច្ចេកទេស ដោយបន្ថែមគន្លងផ្លូវតាមទីតាំងមានរង្វង់មូល ដើម្បីសម្រួលក្នុងធ្វើចរាចរណ៍ និងការសិក្សាបន្ថែមផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាត្រង់ទីតាំងផ្លូវភ្ជាប់ (T-Junction)។

ផ្លូវជាតិលេខ៨ មានប្រវែងសរុប១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+ ៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះមានសារៈសំខាន់ ក្នុងការតភ្ជាប់រាជធានីភ្នំពេញ តាមខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ទៅកាន់តំបន់ ភាគខាងកើត និងភាគឦសាន តំបន់ព្រំដែនកម្ពុជា–វៀតណាម៕


ចែករំលែក