ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំខេត្តកែបជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស និងកាស៊ីណូនៅទីក្រុងនេះនោះទេ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មេសានេះថា កន្លងមករដ្ឋាភិបាលបានគិតបែបនេះ និងបាននិងកំពុងចាប់ផ្តើមរៀបចំផែនការមេ ដើម្បីរៀបចំខេត្តកែបជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ជាតំបន់ទេសចរណ៍បែតង ពិសេសរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំរើវិស័យទេសចរណ៍ឲ្យបានល្អប្រសើរ ដើម្បីផ្តល់សេវាកម្មនិងបដិសណ្ឋារកិច្ចកាន់តែល្អសំរាប់ភ្ញៀវទេសចរណ៍។
-->
លោកបន្តថា “ហេតុនេះទើបរដ្ឋាភិបាល នឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស និងការវិនិយោគលើកាស៊ីណូនៅក្នុងខេត្តនេះនោះទេ”។
លោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែបបានមានប្រសាសន៍ឲ្យដឹង នាពេលកន្លងមកថា ខេត្តកែប ជាខេត្តមានលក្ខណៈពិសេសមួយ ដែលមានឧទ្យានកណ្តាលក្រុង និងទទួលបានពានរង្វាន់អាស៊ាន ជាទីក្រុងស្អាត ដែលមានខ្យល់ស្អាត ទឹកស្អាតនិងដីស្អាត។ លោកបន្តថា ខេត្តកែបបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដើម្បីទាក់ទាញទេសចរណ៍ ហើយអាជ្ញាធរបាននិងកំពុងខិតខំរក្សាព្រៃឈើ ដើម្បីផ្តល់បរិយាកាសល្អប្រសើរដល់ការរស់នៅ ក៏ដូចជាការកំសាន្តរបស់ភ្ញៀវទេសចរណ៍។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ដោយស្ម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាល ដែលមិនតម្រូវឲ្យមានរោងចក្រ សហគ្រាស និងកាស៊ីណូ ខណៈកន្លងមកលោកស្រីបានលើកបញ្ហានេះ និងសំណូមពររដ្ឋាភិបាលមិនឲ្យមានកាស៊ីណូនៅក្នុងខេត្តតូចច្រឡឹងនេះ។
លោកស្រីបន្តថា “ពេលចូលទៅដល់ខេត្តកែប យើងហាក់មានអារម្មណ៍ពិសេសមួយ ដែលមិនចង់ឲ្យយើងត្រលប់មកវិញ ដោយសារតែបរិយាកាសអំណោយផល ពិសេសបរិស្ថាននិងខ្យល់អាកាសបរិសុទ្ឋ”៕