ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ ច្រាយ ចំណាន
បាត់ដំបងៈ មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ ឆ្លងកាត់ស្ទឹងសង្កែ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-->
លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ឆ្លងកាត់ស្ទឹងសង្កែ តភ្ជាប់ពីផ្លូវក្រុងលេខ១ ទៅវិថីសម្ដេចក្រឡាហោម ដែលមានទីតាំង ស្ថិតនៅខាងមុខអគារចាស់សាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការចុះពិនិត្យស្ថានភាពស្ពានថ្មចាស់នេះ ធ្វើឡើងតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណងសិក្សាពីស្ថានភាព និងគុណភាពស្ពានជាក់ស្ដែង ក្នុងន័យទទួលបានទិន្នន័យលម្អិតផ្នែកបច្ចេកទេស ដើម្បីស្វែងរកវិធីសាស្ត្រពង្រឹងគុណភាព និងលទ្ធភាពទ្រទ្រង់របស់ស្ពាន ដែលអាចបន្តការប្រើប្រាស់ បានជាប្រយោជន៍សាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋថ្មើរជើងឆ្លងកាត់ និងការដើរហាត់ប្រាណផងដែរ។
ស្ពាននេះត្រូវបានកសាងឡើង ក្នុងអំឡុងឆ្នាំ១៩១៦ នាសម័យអាណានិគមនិយមបារាំង កន្លងមកដោយពិនិត្យឃើញស្ថានភាពចាស់ទ្រុឌទ្រោម និងផ្ទៃបេតុងមានស្នាមប្រេះស្រាំ នៃស្ពានថ្មចាស់នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទការប្រើប្រាស់លែងឱ្យរថយន្ត ឬទោចក្រយានយន្ត និងថ្មើរជើងដើរឆ្លងកាត់ ដោយខ្លាចមានគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕
