ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទីផ្សារដីធ្លី នៅតែជាផ្នែកសំខាន់មួយ ដែលមានសក្តានុពល សម្រាប់វិនិយោគនាពេលអនាគត និងមានឱកាសទទួលបានផលចំណេញត្រលប់ខ្ពស់ពីការវិនិយោគ។
អគ្គនាយកគេហទំព័រ Propertyarea.asia និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ មិថុនាថា វាមិនមែនជាការចៃដន្យនោះទេ ដែលដីធ្លីនៅតែជាផ្នែកសំខាន់ ក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែវាមានហេតុផលជាច្រើន ដែលមនុស្សជាច្រើន នៅតែសម្លឹងនិងចាប់យកឱកាសក្នុងទីផ្សារ។
លោកបានពន្យល់ថា ហេតុផលនោះ គឺដោយសារកត្តាជាច្រើនដូចជា
ទី១ ដីធ្លីនៅតែមានតម្រូវការ សម្រាប់វិស័យឧស្សាហកម្ម និងការអភិវឌ្ឍគំរោងផ្សេងៗ
ទី២ ដីធ្លីនៅតែជាមូលដ្ឋានចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលពួកគេមានតម្រូវការសម្រាប់ការសាងសង់ផ្ទះ និងធ្វើការអភិវឌ្ឍសម្រាប់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម។
ទី៣ ដីធ្លីមិនកើតកូននោះទេ ប៉ុន្តែមនុស្សកើតកូនជាប្រចាំ ដែលធ្វើឲ្យចរន្តនៃការទិញ លក់នៅតែកើតមានជាស្វ័យប្រវត្តិ
ទី៤ ដីធ្លីនៅតែមានតម្រូវការសម្រាប់អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ហើយវាតែងតែកើនតម្លៃ និងមានសកម្មភាពទីញ លក់ នៅពេលរដ្ឋាភិបាលអភិវឌ្ឍទៅដល់
ទី៥ ដីធ្លីសុទ្ឋតែអាចបង្កើតលុយបាននៅក្នុងនោះ ទោះអ្នកមិនលក់ចេញក៏ដោយ ក៏៏វាអាចទាញលុយចេញបាន សំខាន់តើអ្នកយកវាមកប្រើប្រាស់លើទិដ្ឋភាពបែបណា ដីរបស់អ្នកមានទំហំប៉ុណ្ណា និងអាចកែច្នៃបានបែបណា ដើម្បីបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច។
លោកយិន លាងគង់បានបន្តថា “ការរីកចម្រើនផ្នែកដីធ្លី មានឥទ្ឋិពលយ៉ាងណាសម្រាប់ជីវិត? គឺពិតជាមាន និងអាចបង្កើតផលប្រយោជន៍បានគ្រប់ពេល ប៉ុន្តែអ្វីសំខាន់តើអ្នកចេះ ទាញយកប្រយោជន៍ពីវាបានដោយវិធីសាស្រ្តណាប៉ុណ្ណោះ”៕