កត្តាសំខាន់ៗចំនួន២ ជំរុញឱ្យតម្លៃលំនៅដ្ឋានក្នុងប្រទេសសិង្ហបុរីបន្តកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះបីជាមានភាពមិនច្បាស់លាស់ពីពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការថយចុះនៃការលក់ផ្ទះថ្មី គិតចាប់តាំងពីខែមេសាយ៉ាងណាក្តី ក៏តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសិង្ហបុរីនៅតែបន្តមានការកើនឡើង។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានវាយតម្លៃថា កំណើននេះបណ្តាលមកពីកត្តាចំនួន២ ដូចជាកំណើនទ្រព្យសម្បត្តិរបស់ពលរដ្ឋសិង្ហបុរី និងការកើនឡើងនូវតម្លៃផ្ទះសាធារណៈ (Second-hand HDB) ប្រភេទទី២ ដែលសាងសង់ឡើងដោយរដ្ឋាភិបាលសិង្ហបុរី។

ម៉្យាងវិញទៀត បើទោះបីជាការលក់លំនៅដ្ឋាននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ អាចនឹងធ្លាក់ចុះ ដោយសារតែកង្វះទំនុកចិត្តរបស់អ្នកទិញយ៉ាងណាក្តី ក៏ប៉ុន្តែកត្តាទាំងពីរខាងលើត្រូវបានគេរំពឹងថា នឹងរក្សាភាពធន់របស់តម្រូវការ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំហំយូនីតលំនៅដ្ឋានក្នុងគម្រោងបើកដំណើរការថ្មីបានកើនឡើងជាលំដាប់។ និន្នាការនេះអាចបន្តកើតមាន ប្រសិនបើតម្លៃផ្ទះ HDB ប្រភេទទី២ បន្តកើនឡើងលឿនជាងតម្លៃផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជន។

កាលពីត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ HDB ប្រភេទទី២ បានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាស ទី៤ ឆ្នាំមុន ខណៈតម្លៃផ្ទះឯកជនបានកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ការណ៍នេះអាចនាំឱ្យអ្នកអភិវឌ្ឍន៍ឯកជនដាក់បញ្ចូលយូនីតលំនៅដ្ឋានមានបន្ទប់គេងចំនួន៣បន្ថែមទៀតនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ពួកគេ។ ជាក់ស្តែង គម្រោង Lentor Central Residences និងគម្រោង The Orie ដែលមានយូនីតលំនៅដ្ឋានធំៗបានសង្កេតឃើញមានតម្រូវការខ្ពស់។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានព្រមានថា តម្រូវការយូនីតលំនៅដ្ឋានធំៗមានភាពប្រែប្រួលខុសៗគ្នាទៅតាមតំបន់នីមួយៗ។ ដូច្នេះ ការសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីទីផ្សារនៅតែមានសារៈសំខាន់។

យ៉ាងណាមិញ តម្លៃលំនៅដ្ឋានរបស់ប្រទេសសិង្ហបុរីនៅតែត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងត្រីមាសជាបន្តបន្ទាប់ខាងមុខ ដោយសារគម្រោងលំនៅដ្ឋាននានាជាច្រើនទៀត ដែលគ្រោងដាក់ឱ្យដំណើរការថ្មីអាចនឹងមានតម្លៃខ្ពស់ជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here