ដោយៈ ម៉ាណា
ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគចំនួន៥ក្រុមហ៊ុន មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសក្សាពីលទ្ឋភាពនិងោកាសវិនិយោគនៅខេត្តព្រះសីហនុ។
ក្រុមអ្នកធុរកិច្ចចិន ត្រូវបានដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណង សិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។
ក្រុមហ៊ុនខាងលើ បានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
ដោយមានការចាប់អារម្មណ៍ ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត និងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
ទាំងនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកាន់ ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកគឺនៅខេត្តព្រះសីហនុ។ ដោយត្រឹមតែរយៈពេល១សប្តាហ៍ បន្ទាប់ពីការធ្វើវេទិកា គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើ នពីសំណាក់វិនិយោគិនចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។
តាមរយៈជំនួបរវាងលោកអភិបាលខេត្តព្រះសីហនុ និងលោក អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថាឯកឧត្តមបានណែនាំ ដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕