ដោយៈ គង់ សូរិយា
ទីក្រុងឡុងដ៏ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅចក្រភពអង់គ្លេស។
គំរោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នឹងមានទីស្នាក់ការនៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណង ដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។
-->

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយ លោកជំទាវទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចខាងលើ។
ជាមួយគ្នានេះ លោកជំទាវឯកអគ្គរាជទូត បានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់ នាពេលអនាគតខាងមុខ៕
