ដោយៈ ស៊ីវ ម៉េង
កណ្តាលៈ ប្រសិនជាមិនមានការប្រែប្រួលទេនោះ រដ្ឋាភិបាលនឹងចំណាយទុនចំនួន៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅតំបន់ជុំវិញរមណីយដ្ឋានភ្នំប្រសិទ្ឋ ជារមណីយដ្ឋានលំហែរកាយកម្រិតខ្ពស់។
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកបានចូលរួមកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ ដើម្បីរៀបចំកញ្ចប់ថវិកាលើការវិនិយោគ លើលំហសាធារណៈ សួនច្បារ និងការអភិវឌ្ឈនៅជុំវិញរមណីយដ្ឋានភ្នំប្រសិទ្ឋ ស្ថិតក្នុងខេត្តកណ្តាល។
លោកបញ្ជាក់ថា “គំរោងនេះ នឹងមានការរៀបចំសួនច្បារ កន្លែងលេងកម្សាន្ត និងសាងសង់ប៉មខ្ពស់មូយ ដែលអាចឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឡើងទៅញាំអាហារ និងគយគន់ទិដ្ឋភាពជុំវិញនេះ ព្រមទាំងស្រូបយកខ្សល់អាកាសបរិសុទ្ឋ”។
លោកបានបង្ហើបឲ្យដឹងបន្តថា បង្គោលអង់តែនទូរទស្សន៍ទួលគោក បច្ចុប្បន្ននេះ នឹងរើទៅកាន់តំបន់ភ្នំប្រសិទ្ឋនាពេលខាងមុខ ខណៈផែនការនេះ ដើរស្របគ្នានឹងទីតាំងមួយចំនួនទៀត ដែលរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានគ្រោងរៀបចំឡើង ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងរៀបចំលំហរ សាធារណៈនៅតាមទីក្រុងសំខាន់ៗទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋហាត់ប្រាណ ថែរសុខភាព ដោយសារបច្ចុប្បន្ន អ្នកមានជំងឺទឹកនោមផ្អែមមានប្រមាណ១លាននាក់ ដែលពួកគេចំណាយតែម្នាក់៥០ដុល្លារក្នុងមួយខែ ក៏ពួកគេត្រូវចំណាយ៥០លានដុល្លារដែរ។
លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងគិតគូរវិនិយោគ លើលំហឬសាធារណៈ ដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងកាត់បន្ថយជំងឺមិនឆ្លងរបស់ប្រជាពលរដ្ឋ”។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក យិន លាងគង់ ដែលបានតាមដានការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៩ មិថុនាបានគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ដោយលោកចាត់ទុកការអភិវឌ្ឍ នៅតំបន់ភ្នំប្រសិទ្ឋ មានគោលដៅគាប់ប្រសើរជាច្រើន ដូចជា ទី១ ពង្រីកផែនការជម្រុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ផ្សារភ្ជាប់រាជធានីភ្នំពេញ ជាមួយក្រុងឧត្តុងម៉ែជ័យ ទី២ ដើម្បីជម្រុញនិងទាក់ទាញប្រជាពលរដ្ឋទៅរស់នៅតំបន់ភាគខាងជើងច្រើន ដើម្បីកាត់បន្ថយការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ ស្របពេលបច្ចុប្បន្នតំបន់ភ្នំប្រសិទ្ឋ មិនសូវមានប្រជាពលរដ្ឋរស់នៅច្រើនទេ។
ទី៣ ជាការធ្វើសមាហរណកម្មរមណីយដ្ឋាន ដែលមានស្រាប់ ជាមួយផែនការថ្មី ដែលមានភាពបន្ស៊ីគ្នាលើបរិស្ថាន និងសេដ្ឋកិច្ច សង្គម។
លោកយិន លាងគង់បានបន្តថា ការសម្រេចចិត្តវិនិយោគលើលំហរសាធារណៈ សួនច្បារ និងកន្លែងកម្សាន្តនានា ជាការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋផង ការកម្សាន្តផង និងរូមចំណែកកាត់បន្ថយជំងឺមិនឆ្លងរបស់ប្រជាពលរដ្ឋផងដែរ៕