ដោយ គង់ សូរិយា
ភ្នំពេញ៖ គេហទំព័រព៌តមានទេសចរណ៍ថ្មីមួយ www.cambodiatourism.news និង Facebook Page, Cambodia Tourism News នឹងចូលរួមបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រនេះ បានឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ដោយសារមានគោលដៅចង់ចូលរួមផ្សព្វផ្សាយ និងបង្កើនសក្តានុពលវិស័យទេសចរណ៍កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ គេហទំព័រនេះបានប្រមូលផ្តុំដោយក្រុមអ្នកសារព៌តមាន ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍លើវិស័យសារព៌តមានជាច្រើនឆ្នាំ ដើម្បីផ្តល់នូវព៌តមានពិត ឥតលំអៀង ដើម្បីលើកកំពស់វិស័យទេសចរណ៍ផង និងលើកកំពស់វិជ្ជាជីវៈសារព៌តមានផង។
-->
គេហទំព័រ www.cambodiatourism.news និង Facebook page Cambodia Tourism News បច្ចុប្បន្នមានការផ្សព្វផ្សាយជាបីភាសាគឺភាសាខ្មែរ ភាសាអង់គ្លេសនិងភាសាចិននាពេលអនាគត។ អ្វីដែលគេហទំព័រនេះផ្តោតជាពិសេស គឺផ្តល់ព៌តមានថ្មីៗទាក់ទងនឹងបច្ចុប្បន្នភាពលើវិស័យទេសចរណ៍ រមណីយដ្ឋាននានា ពីការអភិវឌ្ឍន៍គំរោងនានាក្នុងវិស័យទេសចរណ៍។
ជាពិសេសនាពេលអនាគត យើងនឹងផ្តល់សេវាកម្មកក់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នានាផងដែរ ដែលអ្នកអានអាចចូលទៅគេហទំព័រនេះ ហើយអាចស្វែងរកព៌តមាន លេខទូរស័ព្ទទំនាក់ទំនងបាន(គំរោងនាពេលអនាគត)។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ក្រុមការងារនៃគេហទំព័រខាងលើបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យនេះ ដើម្បីលើកកំពស់មុខមាត់ និងកិត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍ និងសម្តែងការគាំទ្រចំពោះការរៀបចំគេហទំព័រនេះឡើង ដោយលោកស្រីបានមានប្រសាសន៍ថា ការរីកចម្រើននិងជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា មិនអាចខ្វះការចូលរួមពីវិស័យសារព៌តមាននោះទេ ហេតុនេះការផ្សព្វផ្សាយពីវិស័យនេះឲ្យបានទូលំទូលាយតាមរយៈវេបសាយនេះ ជារឿងល្អសំរាប់កម្ពុជា៕