ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនទាន់បានដឹងពីអ្នកដំណើរទៅក្រៅប្រទេស ឬមកក្នុងប្រទេសកម្ពុជាមានលទ្ធភាពអាចននាំចូល និងនាំចេញរូបិយប័ណ្ណបរទេសមានតម្លៃប៉ុន្មានជាប់នឹងខ្លួននោះទេ។
យោងតាមច្បាប់ស្តីពី និតិវិធីក្នុងការនាំចេញ - នាំចូលរូបិយប័ណ្ណបរទេសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឲ្យដឹង ការនាំចូលរូបិយប័ណ្ណបរទេស មកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូនានា ភ្ញៀវគ្រប់ប្រភេទ នីតិបុគ្គល និងរូបវ័ន្តបុគ្គលដទៃទៀត ហៅកាត់ថា “អ្នកតំណាង” ពុំមានការកម្រិតបរិមាណទេ។ អ្នកដំណើរដែលនាំចូលនូវរូបិយប័ណ្ណបរទេស មានទឹកប្រាក់ស្មើឬលើសពី១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ចាំបាច់ត្រូវបំពេញប្រតិវេទន៍គយ តាមនីតិវិធីកំណត់ជាធរមាន ហើយត្រូវប្រគល់ឲ្យមន្រ្តីគយ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលនាំចេញទៅវិញ។
សម្រាប់អ្នកដំណើរដែលនាំចេញ នូវរូបិយប័ណ្ណបរទេសពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា មានទឹកប្រាក់លើសពី១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ឬលើសពីចំនួនរូបិយប័ណ្ណបរទេសដែលសាម៉ីខ្លួនបានប្រកាសក្នុង ប្រតិវេទន៍គយនាពេលនាំចូល ត្រូវមានការអនុញ្ញាតឲ្យនាំចេញ ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនានា។
អ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេស ត្រូវអនុវត្តដូចតទៅ៖
• បង្ហាញចំពោះមន្រ្តីគយ នូវលិខិតអនុញ្ញាតឲ្យនាំចេញ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។
• បំពេញប្រតិវេទន៍គយឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់
• ធ្វើដំណើរតាមមាត់ច្រកចូល-ចេញ ដែលបានកំណត់ដោយភ្នាក់ងារមានសមត្ថកិច្ច។ ការយករូបិយប័ណ្ណធ្វើដំណើរតាមច្រកផ្លូវផ្សេង ឬដោយអ្នកកាន់បញ្ញើដ៏ទៃ ក្រៅពីម្ចាស់កម្មសិទ្ធិ ត្រូវហាមឃាត់ជាដាច់ខាត។
បំពេញជាលាយល័ក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទ និងចំនួនរូបិយប័ណ្ណ ដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដ៏ទៃ បញ្ញើរតាមយន្តហោះ ដើម្បីបង្ហាញដល់មន្រ្តីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ៕