ដោយៈ និស្ស័យ
កោះកុងៈ ជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសបានចំណាយទុនរហូតដល់តម្លៃ២៨លានដុល្លារ ដើម្បីចូលរួមចំណែកលើកកំពស់ វិស័យទេសចរណ៍ក្នុងខេត្តកោះកុង។
អ្នកឧកញ៉ាបានសាងសង់ រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ (Royal Beach Resort & Residence by EHM) ដែលមានអាងទឹកវែងជាងគេនៅកម្ពុជា និងតំបន់អាស៊ី ស្ថិតនៅជាប់មាត់សមុទ្រ និងមានបន្ទប់ស្នាក់នៅយ៉ាងប្រណិត រួចរាល់ជាស្ថាពរ។
អ្នកឧកញ៉ាអគ្គនាយក បានបង្ហើបឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះបែបនេះថា “ក្តីសុបិនកាលពីឆ្នាំ២០២៤ នឹងសាងសង់រីស៊ត ដែលមានអាងទឹកវែងជាងគេនៅកម្ពុជា និងតំបន់អាស៊ី”។ អ្នកឧកញ៉ាបានបន្ថែមថា “ក្រោយពីក្រោកពីគេង ស្រាប់តែវាក្លាយជាការពិត មិនត្រឹមតែអាងទឹកវែងជាងគេនោះទេ វាបានក្លាយជារីស៊ត ដែលជាប់មាត់ឆ្នេរសមុទ្រធំជាងគេនៅកម្ពុជា អតិថិជនអាចជ្រើសរើសបន្ទប់ស្នាក់នៅច្រើនបែប”។
រមណីយដ្ឋាន𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 ស្ថិតនៅលើកោះស្តេច តារាសាគរ ខេត្តកោះកុង ត្រូវបានបង្កើតឡើងដោយមាន វីឡាឯកជនជាប់មាត់សមុទ្រ និងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងមានអាងហែលទឹកវែងជាងគេបំផុត ប្រវែងដល់ទៅ២៥០ម៉ែត្រ។ រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ បានចាប់ផ្តើមបើកដំណើរការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងមកនេះ។
អ្នកឧកញ៉ា សួរ វីរៈបានឱ្យដឹងថា 𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 មានបន្ទប់សរុបចំនួន ២៨០បន្ទប់, សាលប្រជុំ កន្លងហាត់ប្រាណ (Gym) អាងហែលទឹកប្រវែង២៥០ម៉ែត្រ, ទីលានបាល់ទាត់ តារាងបាល់ទះ តុវាយតេនីស និងទីលានប្រណាំង Go-Kart។ អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងបន្ថែមទៀតថា រីសតថ្មីនេះវិនិយោគលើផ្ទៃដី៦ហិកតា និងចំណាយថវិកាអស់ប្រមាណ២៨លានដុល្លារ (សរុបទាំងថ្លៃដី)។
អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជា រថយន្តជួលប្រណិត រថយន្តក្រុងប្រណិត និងAir Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦ រថយន្តសម្រាប់ដឹកទំនិញ ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែលរីសតស្រស់ស្អាតចំនួន៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១. កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕