ដោយៈ ឆាយ ផាន់នី
សៀមរាបៈ បង្កាន់ដៃនាគ ដែលជាដួងព្រលឹងជាតិមួយបែបអរូបិយ នៃប្រាសាទអង្គរវត្តត្រូវបានក្រុមអ្នកបច្ចេកទេស ផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យ នៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុល ឱ្យរឹងមាំឡើងវិញ។
លោកសយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្មបានមានប្រសាសន៍ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។








