ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវសារៈសំខាន់ ក៏ដូចជាទស្សនវិស័យចំនួន១០ នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវដែលលរៀបចំនៅប្រទេសចិននាពេលខាងមុខនេះ។
មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយវិទ្យុមិត្តភាពកម្ពុជាចិន និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៤ មេសាកន្លងមក មុនពេលសម្តេចអញ្ជើញទៅចួលរួមក្នុង វេទិកាលើកទី២ ស្តីអំពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ” នៅប្រទេសចិន ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០១៩ “វេទិកាលើកទី២គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ”
ក្នុងកិច្ចសម្ភាសន៍ពិសេសនេះ សម្តេចបានលើកឡើងនូវកាលានុវត្តន៍ភាពចំនួន១០ចំណុច នៃវេទិកាដែលរៀបចំដោយមហាយក្សចិននេះ ដូចជា1- ខ្ញុំជឿជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំប្រទេសដែលចូលរួមធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាពហុភាគីព្រមទាំងបង្កើតនូវកាលនុវត្តភាពយ៉ាងសំខាន់មួយសម្រាប់បណ្តាប្រទេសទាំងអស់នៅលើខ្សែក្រវាត់និងផ្លូវក្នុងការធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។
2- ចាប់តាំងពីពេលដែលគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានបដិសន្ធិ ខ្ញុំបានប្រមើលមើលឃើញនូវសក្តានុពល និងកាលានុវត្តភាពដ៏ធំមហិមា សម្រាប់ការពង្រីកនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិនិងក្នុងតំបន់។ ជាការពិតកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់និងមិនអាចកែប្រកែកបានក្នុងរយៈពេល៦ឆ្នាំគិតចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយឯកឧត្តមស៊ីជីនពីងប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣។
3- ខ្ញុំសង្ឃឹមថា វេទិកាលើកទីពីរនេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ដែលជាប្រជាជាតិមានការជឿជាក់លើសកលភាវូបនីយកម្ម និងការបើកចំហសេដ្ឋកិច្ចឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែង រួមគ្នាពង្រឹងកម្លាំងសាមគ្គីភាព ពួតដៃគ្នាដើម្បីការពារនូវផលប្រយោជន៍រួម និងវិបុលភាពរួម។
ខ្ញុំចង់ឃើញបណ្តាប្រមុខដឹកនាំទាំងអស់ ដែលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះ រួមគ្នាប្រើប្រាស់វេទិកានេះសម្រាប់ត្រិះរិះពិភាក្សា និងដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រនិងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជាផ្លែផ្កាថ្មីៗថែមទៀត ក៏ដូចជាការរួមគ្នាទប់នឹងចរន្តនៃការបំភ្លៃ បន្តុះបង្អាប់គំនិតផ្តួចផ្តើមនេះ ក្នុងនយ័កេងចំណេញផ្នែកនយោបាយ។
ខ្ញុំជឿជាក់ថា ចរន្តវិជ្ជមាន និងទស្សនៈសុទិដ្ឋិនិយមកំពុងកើតមាន និងរីកដុះដាលទៅកាន់តំបន់ផ្សេងទៀតនៃពិភពលោកជាពិសេសនៅទ្វីបអឺរ៉ុប ហើយវេទិកាលើកទីពីរដ៏មានសារៈសំខាន់នេះនឹងផ្តល់នូវសក្ខីកម្មជាប្រវត្តិសាស្ត្រ ថាប្រជាជាតិដ៏ច្រើនលើសលុបក្នុងពិភព-លោក បានជ្រើសរើសយកកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់គ្នាសម្រាប់ដំណើរការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាពលរដ្ឋខ្លួន។
វេទិកាលើកនេះគឺជាការបោះជំហានទៅមុខដោយឥតងាករេ ហើយផ្តល់នូវមាគ៌ាមួយដ៏កាន់តែច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីអ្វីដែលខ្ញុំមានការពេញចិត្តសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺស្មារតីនៃការខិតខំរួមគ្នា ទទួលបានផលប្រយោជន៍ដូចគ្នា និងមានឱកាសស្មើគ្នា។
4- ខ្ញុំជឿជាក់ថា វេទិការនេះ នឹងជួយយើងបន្តធ្វើនូវអ្វីដែលយើងបានចាប់ផ្តើមកន្លងមក ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិង ប្រជាជន។ លើសពីនេះទៀត ខ្ញុំសង្ឃឹមថាភាគីទាំងអស់នឹងបន្តអនុវត្តគោលការណ៍សម្របសម្រួលជាយុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ជំរុញការតភ្ជាប់ទូទាំងពិភពលោក និងរួមគ្នាអនុវត្តរបៀបវារៈនៃការអភិវឌ្ឍប្រកដដោយនិរន្តភាពដាក់ចេញដោយអង្គការសហប្រជាជាតិ។
5- ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលប្រទេសទាំងពីរសម្រេចបាន ហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខ័ណ្ឌ ខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនឥតគណនាដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម -វប្បធម៌ នៃប្រទេស និងប្រជាជនយើងទាំងពីរ ។ ភាពជោគជ័យ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជាគម្រោងវិនិយោគធំរបស់ចិន គឺជាសក្ខីភាពមួយយ៉ាងច្បាស់ នៃការកសាងគម្រោងផែនការកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរវាងប្រទេសទាំងពីរ។
6- សមិទ្ធផលថ្មីមួយទៀតតាមរយៈគំនិតផ្តួចផ្តើមនេះគឺ កម្ពុជាសម្រេចបាននូវគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលនឹងក្លាយជាកម្លាំងចលករមួយ កែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការតភ្ជាប់ក្នុងតំបន់ក្នុងកម្រិតមួយដែលមិននឹកស្មានដល់។
7- កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើការកសាងសមត្ថភាពស្ថាប័ន ការចែករំលែកចំណេះដឹង និងការកសាងធនធានមនុស្ស កំពុងតែ បោះជំហ៊ាន វិវត្តទៅមុខជាវេជ្ជមាន ។ ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការទាំងនោះ រឹតតែមានគុណតម្លៃលើសពីការបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទៅទៀត ហើយក៏ជាអ្វីដែលខ្ញុំរំពឹងថាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយវិទ្យុមិត្តភាពកម្ពុជាចិន និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ មុនពេលសម្តេចអញ្ជើញទៅចួលរួមក្នុង វេទិកាលើកទី២ ស្តីអំពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ” នៅប្រទេសចិន ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០១៩។
7- កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើការកសាងសមត្ថភាពស្ថាប័ន ការចែករំលែកចំណេះដឹង និងការកសាងធនធានមនុស្ស កំពុងតែ បោះជំហ៊ាន វិវត្តទៅមុខជាវេជ្ជមាន ។ ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការទាំងនោះ រឹតតែមានគុណតម្លៃលើសពីការបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទៅទៀត ហើយក៏ជាអ្វីដែលខ្ញុំរំពឹងថា នឹងកាន់តែទទួលបាននូវការយកចិត្តទុកដាក់និងលើកស្ទួយថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងទាញយកនូវសក្តានុពល និងអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវឲ្យបានអស់ពីលទ្ធភាព ដើម្បីរួមចំណែកសម្រេចឲ្យបាននូវរបៀបវារៈគោលនយោបាយ ដែលជាយុទ្ធសាស្រ្ត ចតុកោណបានដាក់ចេញ។
8- គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ មានគោលដៅ និងអាទិភាពដូចគ្នា ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ និងមានតម្រូវការកាន់តែច្រើន លើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ ខ្ញុំជឿជាក់ថា ផ្តើមចេញពីសង្គតិភាពនេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជាតទៅអនាគត នឹងទទួលបានការគាំទ្រពេញទំហឹងពីគំនិតផ្តួច-ផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីបម្រើនិងគាំទ្រដល់ការអភិវឌ្ឍវិស័យផ្សេងៗទៀត ដែលមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដោយមិនអាចខ្វះបាន។
9- គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបង្កើតឡើងដោយឯកឧត្តម ស៊ី ជីនពីង នៅឆ្នាំ២០១៣ អាចនិយាយបានថា ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈពិសេស ពីព្រោះវាផ្តោតជាសំខាន់លើការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ជាមួយប្រទេសដៃគូ ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះមើលឃើញថា ជាក្របខ័ណ្ឌដែលមានចរិតគាំទ្រ ដល់កិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ផ្អែកលើក្របខ័ណ្ឌ និងគំនិតផ្តួចផ្តើម ដែលមានស្រាប់ដោយឈរលើមូលដ្ឋានស្មើភាព គោរពអធិបតេយ្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជាកត្តាពង្រឹងសុខសន្តិភាព ស្មារតីសាមគ្គីភាព និងការរួមរស់ជាមួយគ្នាដោយសុខដុម។
ជាក់ស្តែង គម្រោងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមនេះ សុទ្ធតែបានផ្សាភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍជាតិរបស់កម្ពុជា ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាដើម។ ម្យ៉ាងទៀត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាយុទ្ធសាស្ត្ររយៈពេលវែង ថែមទាំងមានយន្តការហិរញ្ញប្បទានផងដែរ។
10- គំនិតផ្តួចផ្តើមនេះ បានទទួលនូវការគាំទ្រពីសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាច្រើន ហើយត្រូវបានចាត់ទុកជាចលករយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
11- ការពង្រឹង និងពង្រីកការតភ្ជាប់រវាងទ្វីបអាស៊ីទាំងមូល ដែលរួមបញ្ជូលទាំងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងប្រទេសចិន ដែលជាទីផ្សារធំបង្អស់និងជាមហាអំណាចធំបំផុតទី២ គឺជាកាលានុវត្តភាពមួយដ៏ធំសម្បើម និងមានសក្តានុពលដែលមិនអាចមើលរំលងបាន៕