ដោយៈ និស្ស័យ
រតនៈគិរីៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ មុនពិធីបើកព្រឹត្តិការណ៍ចាណាងឆ្នាំងយក្សលើកទី១ ដែលជាអត្តសញ្ញាណរបស់ខេត្តរតនគិរី ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញទស្សនា និងពិនិត្យស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ដោយមានការដាក់តាំងផលិតផលសិប្បកម្ម ផលិតផលខ្មែរ បន្លែផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងផលិតផលរបស់សហគមន៍ នៅក្នុងខេត្តរតនគិរី ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេស ការពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាព ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែង ផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ គេសង្កេតឃើញថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំង លើស្នាដៃកែច្នៃផលិតផលសិប្បកម្ម និងទំនិញដែលផលិតដោយកូនខ្មែរ៕