ដោយ វុត្ថា
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ច ដែលរួមចំណែកដោយចំណេះដឹងកម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម។ ផលិតផល ម៉ាក និងការច្នៃប្រឌិតថ្មីៗជាច្រើន មានវត្តមាននៅលើទីផ្សារជារៀងរាល់ថ្ងៃ ដែលជាលទ្ធផលនៃការបន្តការច្នៃប្រឌិតនិងបង្កើតថ្មីរបស់មនុស្សជាតិ។
សហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ជាកំលាំងចលករនៅពីក្រោយការបង្កើតថ្មីនេះ។ ការបង្កើតថ្មី និងការច្នៃប្រឌិត ជួនកាលមិនត្រូវបានធ្វើអាជីវកម្មឱ្យបានពេញលេញនោះទេ ដោយសារសហគ្រាសធុនតូច និងធុនមធ្យមភាគច្រើន មិនទាន់យល់ច្បាស់អំពី ប្រព័ន្ធកម្មសិទ្ធិបញ្ញា ឬផលប្រយោជន៍ នៃការការពារកម្មសិទ្ធិបញ្ញាចំពោះតក្តកម្ម ម៉ាក និងគំនូរឧស្សាហកម្មរបស់ខ្លួន។
ប្រសិនបើកម្មសិទ្ធិបញ្ញាទាំងនោះ មិនត្រូវបានការពារដោយច្បាប់នោះទេ តក្កកម្ម នឹងបាត់បង់ទៅគូប្រកួតប្រជែងធំៗ ដែលមានភាពប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មលើផលិតផល ឬសេវាក្នុងតម្លៃទាប ដែលធ្វើឱ្យតក្តករឬម្ចាស់ដើម មិនទទួលបានអត្ថប្រយោជន៍ ឬតម្លៃតបស្នងពីការបង្កើតថ្មីរបស់ខ្លួននោះទេ។
-->
កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់ក្រុមហ៊ុន ជាជំហានដ៏សំខាន់ក្នុងការកំណត់អំពីការរំលោភបំពាន និងការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្ម ដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យក្រុមហ៊ុន ទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួន ដែលជាការលើកទឹកចិត្តនិងបង្កើនមូលធនដល់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។ មានផលិតផលឬសេវាថ្មីៗជាច្រើន ដែលការពារក្រោមប្រភេទផ្សេងៗគ្នានៃកម្មសិទ្ធិបញ្ញា។
សហគ្រាស តែងតែជូបប្រទះបញ្ហាប្រឈម ក្នុងការទាញយកតម្លៃនៃកម្មសិទិ្ធបញ្ញារបស់ខ្លួន និងប្រើប្រាស់កម្មសិទ្ធិបញ្ញា ឱ្យមានប្រសិទ្ធិភាពក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនដែលចំណាយធនធាន និងពេលវេលាក្នុងការការពារទ្រព្យកម្មសិទ្ធិបញ្ញារបស់ខ្លួន អាចបង្កើនការប្រកួតប្រជែងរបស់ខ្លួន និងជួយ៖
• បង្ការគូប្រកួតប្រជែងពីការចម្លង ឬធ្វើត្រាប់តាមផលិតផលរបស់ខ្លួន
• ជៀសវាងលើការចំណាយថវិកាខ្ចះខ្ចាយលើការស្រាវជ្រាវ និងការផ្សព្វផ្សាយនៅទីផ្សារ
• បង្កើតអត្តសញ្ញាណសហគ្រាសតាមរយៈម៉ាក
• ក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬការផ្ទេរសិទ្ធិ ផ្សេងៗនៃកម្មសិទ្ធិបញ្ញា
• បង្កើតតម្លៃទីផ្សាររបស់ខ្លួន
• ទទួលបានមូលធន និងហិរញ្ញប្បទាន
• អាចពង្រីកទៅកាន់ទីផ្សារថ្មីៗ៕