តើផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨តភ្ជាប់ពីតំបន់ណាទៅតំបន់ណា?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍។

ផ្លូវទាំងពីរខ្សែនេះ ក៏ចូលរួមលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ក្រសួងបានឲ្យដឹងទៀតថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ មានប្រវែងសរុបប្រមាណ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូ​ម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។

ចំណែកឯផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រាស់២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ១១ម៉ែត្រ។

ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ ក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗ ដូចជា សាងសង់ស្ពានថ្មីចំនួន១កន្លែង និងពង្រីកស្ពានចាស់ចំនួន១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here