ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នធនាគារខ្នាតយក្ស Goldman Sachs របស់សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដែលត្រូវការទុនវិនិយោគសរុបចំនួន២៧០លានដុល្លារអាមេរិកនៅទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។
យោងតាមកាសែត Reuters បានចុះផ្សាយថា គម្រោងនេះ រួមមានការសាងសង់អាផាតមុិនតម្លៃសមរម្យចំនួន៣៨៥យូនីត នៅក្នុងតំបន់ East New York នៃសង្កាត់ Brooklyn។នេះបើយោងតាមប្រភពពីការិយាល័យរបស់លោកស្រីអភិបាលក្រុងញូវយ៉ក Kathy Hochul។
ការិយាល័យអភិបាលក្រុងបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោង ដែលផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Urban Investment Group របស់ធនាគារខ្នាតយក្ស Goldman Sachs នឹងរួមមានតំបន់ពាណិជ្ជកម្មផងដែរ។
លោកស្រី Hochul បានលើកឡើងថា “គម្រោងសាងសង់អាផាតមុិនតម្លៃសមរម្យនេះនឹងជួយដល់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិខ្វះខាតលទ្ធភាពទិញផ្ទះ និងផ្តល់អាទិភាពលើការកែលំអតំបន់ East New York ឱ្យកាន់តែមានភាពរស់រវើកសម្រាប់គ្រួសារ”។
ក្រុមហ៊ុន Urban Investment Group បានបណ្តាក់ទុនវិនិយោគជិត១១ពាន់លានដុល្លារទៅក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅទូទាំងរដ្ឋញូវយ៉ក និងបានបោះទុនវិនិយោគ៩ពាន់លានដុល្លារនៅទីក្រុងញូវយ៉កចាប់តាំងពីឆ្នាំ២០០១។
លោកស្រី Asahi Pompey ប្រធានក្រុមហ៊ុន Urban Investment Group បានអះអាងថា ការវិនិយោគរបស់យើងនឹងចាក់បញ្ចូលសន្ទុះដល់តំបន់ East New York ឱ្យបោះជំហានយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការរីកចម្រើន និងការកែលម្អ ជាពិសេសកំណើនក្នុងការអភិវឌ្ឍន៍លំនៅដ្ខាន និងសេដ្ឋកិច្ច៕ប្រភព: Reuters៕