(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ ចំពោះទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក គឺអត្រាពន្ធគយសូន្យភាគរយទាំងអស់ ក្នុងនោះក៏មានការនាំចូលរថយន្ដមួយទឹក ពីសហរដ្ឋអាមេរិកផងដែរ គឺពន្ធគយ ០ភាគរយដូចគ្នា ចំពោះការនាំចូលរថយន្ដមួយទឹក ពីសហរដ្ឋអាមេរិកនេះ ការគិតពន្ធផ្សេងទៀតក្រៅអំពីពន្ធគយ ដូចជាអាករពិសេស គឺនៅគិតដដែល។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាគឺ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «ចំពោះពន្ធនេះនឹងចាប់អានុវត្តន៍ បន្ទាប់ពីមានកិច្ចព្រមព្រៀងពីសហរដ្ឋអាមេរិក គឺពន្ធបដិការ គឺធ្លាក់មក ០ភាគរយទាំងអស់ ដូច្នេះខ្ញុំសូមជម្រាបជូនថាមាន ១១៤១៤បន្ទាត់ពន្ធ ក្នុងចំណោមនោះក៏មានរថយន្ដមួយទឹក គឺធ្លាក់មក ០ភាគរយផងដែរ សូមបញ្ជាក់ថា ឲ្យតែទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក គឺសូន្យភាគរយទាំងអស់»។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ចំពោះការអនុវត្តន៍គឺចាប់ពីថ្ងៃនេះតទៅ គឺថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ ខ្ញុំសូមបញ្ជាក់ថា ការធ្លាក់មកត្រឹមសូន្យភាគរយនេះ គឺពន្ធគយ ប៉ុន្ដែអាករពិសេស, VAT គឺនៅដដែល ប៉ុន្ដែអត្រាពន្ធធ្លាក់មកសូន្យភាគរយ»។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបន្ថែមថា សូមជម្រាបជូនបងប្អូន ក៏ដូចជាអ្នកវិនិយោគទាំងអស់ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺការពារផលប្រយោជន៍ជាតិ បូរណភាពទឹកដី រកការងារជូនបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ដូច្នេះសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។
ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «ខ្ញុំធ្លាប់បានលើកឡើងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ថា សូមឲ្យជឿទុកចិត្តរាជរដ្ឋាភិបាល ចំពោះពន្ ធ៣៦ភាគរយដែលអាមេរិកដាក់មកកាលនោះ គឺច្បាស់ណាស់មិននៅប៉ុណ្ណឹងទៀតទេ អាចនឹងធ្លាក់ចុះបន្ថែមទៀត ឥឡូវនេះឃើញជាក់ស្ដែងហើយ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ គឺធ្លាក់មកត្រឹម ១៩ភាគរយប៉ុណ្ណោះ ដូច្នេះពេលរាជរដ្ឋាភិបាលនិយាយអ្វីមួយ ថាអ្វីមួយ គឺច្បាស់ណាស់ថា យើងនឹងធ្វើឲ្យបាន មិននិយាយចោល និងសន្យាខ្យល់នោះទេ»៕