គំរោងវិនិយោគតម្លៃជិត៣០០០លានដុល្លារត្រូវបានអនុម័តលើកទឹកចិត្តពីរដ្ឋាភិបាលជាលើកដំបូងនៅភូមិភាគឦសាន

0

ដោយៈ ចំណាន

    ភ្នំពេញៈ គំរោងវិនិយោគធំៗចំនួន៥ ត្រូវបានទទួលការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល ដើម្បីវិនិយោគក្នុងទឹកប្រាក់២៨៥០លានដុល្លារអាមេរិក នៅក្នុងតំបន់ភូមិភាគឦសានជាលើកដំបូង។

ព័ត៌មានដ៏ល្អនេះ ត្រូវបានបង្ហើបឲ្យដឹងដោយលោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន(ក.វ.ឦសាន) នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។

គម្រោងវិនិយោគទាំង៥ មានទុនវិនិយោគសរុប២៨៥០លានដុល្លារអាមេរិកនិង អាចបង្កើតការងារប្រមាណ៣៨,៤០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ។

គម្រោងទាំង៥ខាងលើនេះ រួមមាន ការវិនិយោគលើវិស័យកសិ កម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និងសុខាភិបាលផងដែរ។

ក្នុងចំណោមនោះ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយមានបំណងពង្រីកសកម្មភាពរបស់ខ្លួន ក្នុងរូបភាពជាគម្រោងវិនិយោគកសិ កម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិត ផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីសារៈសំខាន់កាន់ខ្លាំង នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី។

ក្នុងន័យនេះ ក្រុមការងារបានពិនិត្យពិភាក្សា យ៉ាងផុសផុល ដោ​យ​ផ្អែកលើលទ្ធផល នៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និងថែរទាំវិនិយោគផង ទន្ទឹមនឹងការការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹមសម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយា​កាសវិនិយោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងមានបរិយាប័ន្ន ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃកម្ពុជា ឆ្នាំ ២០២៥-២០២៨” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៥ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។

តាមរយៈនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានជាយន្តការ “ច្រកចេញចូលតែមួយ”ដើ​ម្បី​ពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានាជាកញ្ចប់ ស្របតាមអភិក្រម “ជវភា​ពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រ​កបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាមួយនេះ វិនិយោគិន ដែលមានបំណងវិនិយោគក្នុងភូមិភាគឦសាន អាចឆ្លៀតឱកាស ដើម្បីទទួលបាន “អត្ថប្រយោជន៍ពិសេស” ដោយដាក់ពាក្យស្នើសុំ ឬស្វែងរកព័ត៌មានលម្អិត តាមរយៈការិយា​ល័យ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775/ 97 256 7174។ទីតាំងទី២. ការិយាល័យស្ថិតនៅខេត្តក្រចេះ មានអាសយដ្ឋាននៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664។

ទីតាំងទី៣. ការិយាល័យស្ថិតនៅខេត្តស្ទឹងត្រែង មានអាស​យដ្ឋាននៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,។

ទីតាំងទី៤.ការិយាល័យស្ថិតនៅខេត្តមណ្ឌលគិរី មានអាសយដ្ឋា​ននៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌ​លគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និងទីតាំ​​ងទី៥.ការិយាល័យស្ថិតនៅខេត្តរតនគិរី មានអាសយដ្ឋាននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664៕

LEAVE A REPLY

Please enter your comment!
Please enter your name here