ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅប្រទេសចិនបានបន្តដាំក្បាលចុះនៅខែកក្កដា ខណៈវិធានការបញ្ចុះតម្លៃលំនៅដ្ឋានរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានានៅតែមិនអាចទាក់ទាញអ្នកទិញ។ ប្រការនេះទាមទារឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការថ្មីៗដើម្បីជំរុញទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន។
យោងតាមទិន្នន័យបឋមពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យចិន China Real Estate Information Corp បានឱ្យដឹងថា ទំហំទឹកប្រាក់ពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ បានដាំក្បាលចុះ២៤ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមចំនួន២១១,២ពាន់លានយ័ននៅក្នុងខែកក្កដា ឆ្នាំនេះ។
ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកហើយ ខណៈតម្លៃផ្ទះថ្មីកាលពីខែមិថុនាបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៨ខែ។
លោក Lu Ting ប្រធានសេដ្ឋវិទូចិនប្រចាំធនាគារ Nomura Holdings បានសរសេរនៅក្នុងកំណត់ត្រាថ្មីមួយថា “វិស័យអចលនទ្រព្យក្នុងប្រទេសចិននៅតែបន្តជួបប្រទះបញ្ហាប្រឈមជាច្រើន”។
ជាមួយគ្នានេះ ការអំពាវនាវឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការគោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីស្រោចស្រង់ទីផ្សារលំនៅដ្ឋានក្នុងស្រុកបានផុសផុលឡើងកាន់តែខ្លាំង ស្របពេលដែលវិបត្តិនេះកំពុងបន្តអូសបន្លាយ និងជះផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចចិន។
ទោះជាយ៉ាងណា ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេសចិនបានបដិសេធចំពោះការដាក់ចេញវិធានការជំរុញទីផ្សារអចលនទ្រព្យនៅឯកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងរង្វង់៥,២ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥៕ប្រភព: Bloomberg៕