ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋ Alaska ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៥ភាគរយដល់៣៣៧៦,៤៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៦៨ភាគរយដល់៣៤៣២,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,១១ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,១៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕