រដ្ឋាភិបាលអាមេរិកលុបចោលមូលនិធិសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរដ្ឋ និងទីក្រុងធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលុបចោលកញ្ចប់មូលនិធិសម្រាប់សាងសង់ផ្លូវរថភ្លើងល្បឿនលឿនម៉ាញេទិក (Maglev) ដែលគ្រោងតភ្ជាប់រវាងទីក្រុង Washington DC និងទីក្រុង Baltimore។

យោងទៅតាមស្តង់ដារ ដែលកំណត់ដោយសហភាពផ្លូវដែកអន្តរជាតិ (UIC) បានបង្ហាញថា គិតមកទល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនទាន់មានផ្លូវដែកល្បឿនលឿននៅឡើយទេ។

រដ្ឋបាលលោក ត្រាំ ក៏បានលុបចោលមូលនិធិចំនួន៤ពាន់លានដុល្លារសម្រាប់ការសាងសង់ខ្សែរថភ្លើងផ្លូវល្បឿនលឿន ដែលមានគោលបំណងតភ្ជាប់រវាងទីក្រុង San Francisco និងទីក្រុង Los Angeles ព្រមទាំងបានលុបចោលមូលនិធិចំនួន៦៣,៩លានដុល្លារសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនក្នុងរដ្ឋតិចសាស់(Texas)។

បច្ចេកវិទ្យារថភ្លើង Maglev ត្រូវបានអភិវឌ្ឍន៍ឡើងនៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០២ ហើយប្រទេសចិនក៏បានធ្វើការធ្វើតេស្តសាកល្បងបច្ចេកវិទ្យានេះផងដែរ ដែលអាចរត់ក្នុងល្បឿនជិត១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថភ្លើងប្រភេទនេះមានល្បឿនលឿនជាងយន្តហោះពាណិជ្ជកម្ម។

លោក Richard Geddes អ្នកជំនាញឯកទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅសាកលវិទ្យាល័យ Cornell បានអះអាងថា “រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិកលោក Sean Duffy បានប្រកាសថា រដ្ឋាភិបាលនឹងលុបចោលមូលនិធិចំនួន២៦លានដុល្លារសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុង Baltimore និងទីក្រុងវ៉ាសុីនតោន DC”។

លោកបានបន្តថា នេះជាព័ត៌មានល្អ ព្រោះគម្រោងរថភ្លើង Maglev មានតម្លៃខ្ពស់ខ្លាំង ខណៈការសាងសង់ផ្លូវដែកបានប្រឈមមុខជាមួយនឹងការពន្យារពេលជាច្រើនលើក និងត្រូវការដើមទុនវិនិយោគច្រើន។ ចំណែក ពលរដ្ឋមូលដ្ឋានក៏បានជំទាស់នឹងគម្រោងនេះផងដែរ។

លោកបានបន្ថែមថា “ក្រុមហ៊ុនរថភ្លើង Amtrak និងក្រុមហ៊ុន MARC បានបម្រើសេវាកម្មផ្លូវរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Baltimore ទៅកាន់ទីក្រុង Washington យ៉ាងល្អប្រសើរ ហើយយើងក៏មានផ្លូវហាយវេធំៗជាច្រើនផងដែរ”៕ប្រភព: Newsweek៕

LEAVE A REPLY

Please enter your comment!
Please enter your name here