ដំណឹងល្អ!ក្រុមហ៊ុនចិនធំមួយត្រៀមនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសចិនកន្លះលានតោន

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន៥០០,០០០តោន ទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងកាលពីទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់ មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្ត នាំចេញដំឡូងមីស្ងួតសរុបជាង៧០ម៉ឺនតោនទៅកាន់ប្រទេសចិន។

អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០,០០០តោន នាថ្ងៃនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន២០០,០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here