ដោយៈ ម៉ាណា
កំពង់ធ៉ៈ ស្រុកស្ទោងនៃខេត្តកំពង់ធំ ជាទីតាំងពិសេសដែលមានការសម្គាល់ថា ជាកន្លែងធ្វើវារីវប្បកម្មដ៏សំបូរបែប ពិសេសការកែច្នៃត្រីធ្វើជាត្រីងៀត ដើម្បីផ្គត់ផ្គង់ ចែកចាយក្នុងស្រុក និងបម្រើឱ្យការនាំចេញទៀតផង។
បច្ចុប្បន្ន ស្រុកមួយនេះមានគ្រួសារប្រជាពលរដ្ឋ កំពុងចិញ្ចឹមត្រីចំនួន១១៥គ្រួសារ និងមានសិប្បកម្មកែច្នៃត្រីចំនួន៦៥ទីតាំង។
ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំកាលពីចុងសប្តាហ៍មុន។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូអមដំណើរបានបន្តអញ្ជើញចុះពិនិត្យក្រុមអ្នកចិញ្ចឹមត្រីខ្នាតមធ្យម និងលក្ខណៈគ្រួសារ រួមមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ត្រីប្រា ត្រីពោ, សិប្បកម្មកែច្នៃត្រីងៀត, កន្លែងទទួលទិញ បង្កក ចែកចាយ និងនាំចេញផលនេសាទធម្មជាតិ និងសិប្បកម្មធ្វើប្រហុក ផ្អក ពងទាប្រៃ ពងទាសាប ពងទាកូន ដែលមានទីតាំងស្ថិតក្នុងឃុំចំណាក្រោម ឃុំសំព្រោជ ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋធ្វើវារីវប្បកម្ម ពួកគាត់បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ពូជត្រី ចំណីត្រី ការទទួលនិងប្រើប្រាស់ហិរញ្ញប្បទាន បច្ចេកទេសចិញ្ចឹម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត និងបញ្ហាទីផ្សារ ព្រមទាំងបញ្ហាការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីពីប្រទេសជិតខាង។
លោកវង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានផ្ដោតអាទិភាពបន្តលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពសក្ដានុពលនៃកំណើន ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចការលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ ផ្អែកតាមសក្ដានុពលរបស់ខេត្តកំពង់ធំ ជាពិសេសទន្លេសាប និងស្ទឹងធំៗ ដែលអំណោយផល ដល់ការជំរុញវារីវប្បកម្មក្នុងស្រុក ក្រុមការងារបានបន្តផ្ដោត លើការសិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មមួយ ជាខ្សែច្រវាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹម ការកែច្នៃ ទីផ្សារ និងការប្រកួតប្រជែង ក្នុងគោលដៅលើកកម្ពស់ សមត្ថភាពផលិតកម្មក្នុងស្រុក និងលើកស្ទួយការគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងបង្កើនសមត្ថភាពក្នុងការនាំចេញ សំដៅបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច បង្កើតឱកាសការងារ ប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាព។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំងសិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព បង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្ដង់ដាទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងជាខ្សែច្រវាក់ផលិតកម្មរួមដ៏រឹងមាំ មានភាពទាក់ទាញ និងមានតម្លៃបន្ថែមកាន់តែខ្ពស់ ព្រមទាំងមានសមត្ថភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាងទាំងបរិមាណនិងគុណភាព៕