កម្ពុជា​ដាក់​ដំណើរ​ការ​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវទឹកថ្មី​សម្រាប់​នាំ​ចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេសហ្វីលីពីន​

ចែករំលែក

ដោយៈ ម៉ាណា

ព្រះសីហនុៈ នៅកំពង់ផែស្វយ័តព្រះសីហនុ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ “ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។

ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយ សម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀត ពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករ ដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។

ការដឹកជញ្ជូននាំចេញអង្ករកម្ពុជា តាមនាវាទំនិញរាយ គឺសម្រេចបាន តាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ពីកំពង់ផែស្វយ័តព្រះសីហនុ។

ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីន បានចំនួន១២២,១០២តោន ដែលស្មើនឹងជាង១៥,៤ភាគរយ នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានបន្ថែមទៀត៨៧,៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ២០៩ ៤៤៦តោន។

នេះគឺជាការកើនឡើង ដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយ ដែលរួមចំណែកក្នុងការព្យាករណ៍ ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង១លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០,៣២១ តោនកាលពីឆ្នាំ២០២៥ ។

សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញ ទៅមកដោយកម្ពុជា ទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មី ដើម្បីចូលរួមធានាសន្តិសុខស្បៀង។

ការសហការយ៉ាងជិតស្និទ្ធ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និង រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន Francisco P.Tiu Laurel Jr. រួមទាំងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ជាពិសេ សការសម្របសម្រួល ការរៀបចំវេទិកាទំនាក់ទំនងផ្គូរផ្គង វិស័យឯកជនB2B បានរួមចំណែកយ៉ាងសំខាន់ ក្នុងលទ្ធផលជាក់ស្តែងនេះ។

កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវការ បើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្ម ការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត៕


ចែករំលែក