មន្រ្តីជាន់ខ្ពស់​បើក​សន្និសីទ​ទាក់ទង​ការអភិវឌ្ឍ ​និង​ទំនើបកម្ម​វិស័យកសិកម្ម​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ “ការបើកចំហកាលានុវត្តភាពវិនិយោគ”។

សន្និសីទនេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំរវាង ក.អ.ក. ជាមួយក្រុមហ៊ុន Pengbo (Cambodia) Co., Ltd.។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស មកពីសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងប្រតិបត្តិការ និងមានបំណងស្វែងរកឱកាស ពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សា​ហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណ១០០ស្ថាប័ន។

ថ្លែងនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យឯកជន ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាន និងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា “មិត្តដែកថែប និងជាកិច្ចសហប្រតិបត្តិការយូរអង្វែង” ដែលផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ដល់វិនិយោគិនចិន។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងស៊ីជម្រៅនូវមូលហេតុសំខាន់ៗ ដែលវិនិយោគិនគួរជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ រួមមាន ១. សន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ រួមជាមួយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាប។ ២. កម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត និងងាយស្រួលក្នុងការបណ្តុះបណ្តាល។ ៣. ច្បាប់ស្តីពីវិនិយោគមានភាពបើកចំហ អំណោយផលខ្ពស់ និងផ្តល់នូវកញ្ចប់លើកទឹកចិត្ត សម្បូរបែបដល់វិនិយោគិន។

៤. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនប្រទាក់ក្រឡា ជាអាទិ៍ ការលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ព្រមទាំងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ នូវវិស័យភស្តុភារកម្មជាតិ
៥. កម្ពុជាមានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំកណ្តាលតំបន់ (មហាអនុតំបន់មេគង្គ, អាស៊ាន, អាស៊ាន+៥) និងមានការបើកចំហទីផ្សារទូទាំងសកលលោក និងការសម្រេចបាននូវការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) មុនគេជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនទៀត។

ជាការឆ្លើយតប តំណាងវិនិយោគិនចិន បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង លើសក្តានុពលវិនិយោគនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និសីទនេះ អ្នកវិនិយោគទាំងអស់ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តវិនិយោគជាក់ស្តែងនាពេលខាងមុខ។

នៅក្នុងកម្មវិធនេះក៏មានការធ្វើបទបង្ហាញស្តីពី សក្តានុពលកសិកម្មរបស់កម្ពុជា ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបទបង្ហាញស្តីពីការដាំដុះ និងការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ គំរូកិច្ចសន្យាកសិកម្ម ព្រមទាំងក្របខ័ណ្ឌនៃការបញ្ជាទិញនាពេលអនាគត និងបរិមាណរំពឹងទុក ដោយតំណាងសហគ្រាសចិនផងដែរ៕


ចែករំលែក