CCC& IMF បញ្ជាក់ថាកម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា(CCC) និងថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានពិភាក្សាគ្នា ដោយបានបង្ហាញការយល់ឃើញរួមគ្នាថា កម្ពុជាត្រូវតែពង្រឹងភាពប្រកួតប្រជែងតាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះ ដើម្បីជម្រុញការនាំចេញ។

ព័ត៌មានដែលបានលើកឡើងខាងលើ បានធ្វើឡើងនៅពេលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអនុញ្ញាត្តិឱ្យ លោក Kenichiro Kashiwase ប្រធានបេសកកម្មសម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកសភាពាណិជ្ជកម្ម ដែលតំណាងឱ្យវិស័យកាត់ដេរស្បែកជើង វិស័យផលិត​ផលធ្វើដំណើរ វិស័យភស្តុភារកម្ម វិស័យកសិកម្ម វិស័យពន្ធដារ និងក្រុមការងារជំនាញ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ មួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើ ស​កម្ម​ភាពធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ច ដែលបានលើក៤ចំណុច ដែលជាសំណើរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិរួមមាន ទី១ ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃអាត្រាពន្ធគយ របស់អាមេរិកមកលើកម្ពុជា។

ទី២ បញ្ហាប្រឈម និងហានិភ័យជាក់លាក់ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមជាមួយនឹងវិស័យដឹកជញ្ជូន កសិកម្ម និងកសិកែច្នៃ ផលិតកម្ម វិស័យថា​ម​ពល និងឧស្ម័ន ទី៣. ផលប៉ះពាល់ពន្ធគយថ្មី របស់សហរដ្ឋអាមេរិក និងវិធាន នៃការប្រកួតប្រជែងក្នុងការនាំចេញ ក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពនៃការនាំចេញរបស់កម្ពុជា ការការពារឱ្យបាននូវការងារ និងការស្តារទំនុកចិត្តរបស់អ្នកវិនិយោគ និង៤ ពិភាក្សាលើ កញ្ចប់នៃអនុសាសន៍ គោលនយោបាយរយៈពេលមធ្យម និងគ្រាអាសន្ន។

៥. ការបកស្រាយបញ្ជាក់ជាច្រើនដែលវិស័យឯកជន កំពុងធ្វើការងារ គឺគាំទ្រ ផ្តល់ធាតុចូល និងអនុសាសន៍ សំខាន់ៗមួយចំនួន ស្ថានភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កំពុងទទួលរងផលប៉ះពាល់ ដើម្បីផ្តល់ជូនដល់ រដ្ឋាភិបាលកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ជាពិសេស រក្សាបន្តគាំទ្រនៅគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដើម្បីធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននឹងកំពុងធ្វើការប្រជុំពិភា​ក្សាលើមាត្រាទី៤ ឆ្នាំ២០២៥ នៅខែសីហា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច ទស្សនវិស័យ និងគោលនយោបាយជាមួយសមភាគីកម្ពុជា។

កិច្ចប្រជុំបានបញ្ជាក់ថា កម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះសម្រាប់នាំចេញ និងការការពារការងារកម្មករ ដើម្បីទប់ស្កាត់ផលប៉ះពាល់ មិនល្អពីពន្ធអាមេរិក។

ជាមួយគ្នានោះដែ លោកប្រធានបេសកកម្ម សម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្តេជ្ញាថា នឹងបន្តជំនួយលើជំនួយខាងបច្ចេកទេស និងធ្វើការជាមួយដៃគូ ជួយដល់វិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហានានា ឲ្យប្រសើរនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here