តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ស្របពេលមានការព្រួយបារម្ភចំពោះស្វ័យភាពរបស់ធនាគារ Fed

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះខណៈក្រុមអ្នកវិនិយោគនៅតែមានការព្រួយបារម្ភចំពោះស្វ័យភាពរបស់ធនាគារកណ្តាលអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍ បានបញ្ជាឱ្យបណ្តេញចេញពីលោកស្រី Lisa Cook ចេញពីតួនាទីជាទេសាភិបាលរបស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២ភាគរយមកនៅត្រឹម៣៣៨៥,៥៦ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៩២,៣៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៨ភាគរយដល់ត្រឹម៣៤៣៥,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៩នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៣៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,២២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here