ដោយៈ និស្ស័យ
ភ្នំពេញៈ អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យបានលើកឡើងថា ទីផ្សារទិញ លក់ដីធ្លី មានភាពសកម្មជាងគេ គឺនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងនានា។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទោះបីកម្ពុជាមានវិបត្តិជាមួយប្រទេសថៃ នៅតំបន់ព្រំដែនមួយចំនួនក្តី តែអ្នកវិនិយោគដែលមានលំហូរសាច់ប្រាក់ក្នុងដៃ ពួកគេនៅតែសម្លឹង និងទិញអចលនទ្រព្យទុកផងដែរ។
-->
លោកស្រីបញ្ជាក់ថា “ទីផ្សារដែលមានភាពសកម្មជាងគេ នៅរាជធានីភ្នំពេញ និងតំបន់ជាយក្រុង”។ លោកស្រីបន្ថែមថា “យ៉ាងណាអ្នកទិញ ដែលមានលំហូរលុយល្អ ពួកគេនៅតែទិញ តែជាអចលនទ្រព្យ ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ”។

លោកស្រីបន្តថា សកម្មភាពទិញ លក់នៅតែបន្តកើតមានជាហូរហែរបែបនេះ មិនស្ងប់ស្ងាត់ពេកនោះឡើយ ដោយសារសកម្មភាពក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យឧស្សាហកម្មនៅតែមានភាពរីកចម្រើន។
ជាមួយគ្នានេះ លោកព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា ស្ថានភាពទីផ្សារនៅឆ្នាំ២០២៥នេះ មានសញ្ញាប្រសើរឡើង បើទោះបីជាមិនមានសកម្មភាពពុះកញ្រ្ជោលដូចមុនពេលមានវិបត្តិក៏ដោយ។
លោកបន្តថា “ពីមុនយើងឃើញវិស័យនេះ មានសញ្ញាព៌ណក្រហម តែបច្ចុប្បន្នបើមើលលើស្ថានភាព អ្វីៗបានប្រែមកជាព៌ណខៀវបណ្តើរៗហើយ”។

លើសពីនេះ លោកKen Lo អគ្គនាយកក្រុមហ៊ុនCOLDWELL BANKER CAMBODIA ដែលបានបើកដំណើរការក្រុមហ៊ុននេះជាថ្មីនៅកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា ដែលមានសញ្ញាជាវិជ្ជមានបណ្តើរៗ។
លោកបន្តថា “ទីផ្សារនៅតែមានសញ្ញាវិជ្ជមាន ទោះបីជាអ្វីៗមិនទាន់ប្រសើរឡើងដូចមុនវិបត្តិក៏ដោយ ប៉ុន្តែឱកាសវិនិយោគនៅតែមានផលចំណេញនៅទីនេះ”៕
