(ខេត្តព្រះសីហនុ)៖ វិស័យអាកាសចរណ៍របស់កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិចំនួន ៤ ដែលកំពុងដំណើរការ។ អាកាសយានដ្ឋានទាំងនេះ មានតួនាទីសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ តភ្ជាប់កម្ពុជាទៅកាន់គោលដៅអន្តរជាតិ និងភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។ ខាងក្រោមនេះជាអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលកំពុងលេចរូបរាងឡើង បាននិងកំពុងទាក់ទាញភ្ញៀវទេចរណ៍មកពីគ្រប់តំបន់។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានតភ្ជាប់ការហោះហើរត្រង់អន្តរជាតិចំនួន ៣ ទីក្រុងបន្ថែមទៀត ដោយ៖
១. អាកាសចរណ៍ Ruili Airlines របស់ប្រទេសចិនបានធ្វើការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងគុនមីន ដោយមានចំនួន ២ជើងក្នុងមួយសប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហាតទៅ
២. អាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងធ្វើការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងសិនជិន ដោយមានចំនួន ១ជើងក្នុងមួយសប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញាតទៅ
៣. អាកាសចរណ៍ Sky Angkor Airlines របស់កម្ពុជា នឹងធ្វើការហោះត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងម៉ាកាវ ដែលមានចំនួន ២ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី០២ ខែតុលាតទៅ។
យ៉ាងណាម៉ិញ អាកាសយានដ្ឋាននៅក្នុងខេត្តព្រះសីហនុមួយនេះ បានកំពុងតភ្ជាប់ការហោះហើរត្រង់រួចរាល់ពីខេត្តព្រះសីហនុ ទៅកាន់ ខេត្តសៀមរាប ទីក្រុងហូជីមិញ ទីក្រុងបាងកក ទីក្រុងកូឡាឡាំពួរ ទីក្រុងគុនមីន និងទីក្រុងវ៉ូស៊ី។
អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ឬហៅថា អាកាសយានដ្ឋានកេងកង ត្រូវបានសាងសង់ដំបូងនៅទសវត្សរ៍ទី៦០ ដោយមានជំនួយពីសហភាពសូវៀត។ បន្ទាប់ពីត្រូវបានបិទក្នុងសម័យសង្គ្រាម អាកាសយានដ្ឋាននេះបានបើកដំណើរការឡើងវិញនៅខែមករា ឆ្នាំ២០០៧។ វាដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ខេត្តព្រះសីហនុទៅកាន់គោលដៅក្នុងតំបន់ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រ៕