ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគដីធ្លីបែបស្ងៀមស្ងាត់ នៅតែបន្តមានសម្រាប់អ្នកវិនិយោគ ដែលរង់ចាំចាប់ឱកាស និងបានសិក្សាលើជំរើសល្អៗជាច្រើន ទាក់ទងនឹងតម្លៃ និងទីតាំងសក្តានុពល។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN GROUP អ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៦ កញ្ញាថា វិនិយោគដីធ្លី (ដីស្រែជាយក្រុងភ្នំពេញ) គឺការវិនិយោគលើពេលវេលា។ មុនទិញដីទុកចំណេញ ត្រូវប្រាកដថា លុយបងប្អូនយកទៅទិញនោះ ជាលុយមិនត្រូវការយកមកវិញភ្លាមៗនោះទេ ទុកដីនោះចន្លោះ ពី៥-១០ឆ្នាំ ឬ១០-១៥ឆ្នាំ។
អ្នកឧកញ៉ាបន្តថា “ការវិនិយោគដីមានចម្ងាយពី២០ ទៅ៤០គីឡូម៉ែត្រពីរាជធានី នៅតែមានសក្តានុពល និងផលចំណេញនាពេលអនាគត”។
ជាក់ស្តែងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតដែលមានប្រវែងជាង៣២គីឡូម៉ែត្រ និងគ្រោងចំណាយប្រាក់ប្រមាណ៣០០លានដុល្លារ អាចនឹងធ្វើឡើងនៅពេលឆាប់ៗ ខណៈពេលផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាដោយក្រុមហ៊ុនCRBCរួចហើយ។
ការសិក្សាបានឲ្យដឹងផងដែរថា គំរោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល ដូចជាគំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត គំរោងកសាងព្រែកជីកហ្វូណនតេជោ ឆ្នាំ២០២៦ ការសាងសង់ព្រលានយន្តហោះ ការការរីកចម្រើនផ្នែកនគរូបនីយកម្ម សុទ្ឋតែហុចផលដល់អ្នកវិនិយោគដីធ្លីផងដែរ៕