រដ្ឋបាលខេត្តគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍ និងធុរកិច្ច

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានថ្លែងថា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នមន្ទីរពាក់ព័ន្ធ រៀបចំចក្ខុវិស័យអភិវឌ្ឍន៍ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ និងធុរកិច្ច។

លោកបានលើកឡើងបែបនេះ ក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

លោកឡុង ឌីម៉ង់ បានបង្ហើបប្រាប់ថា ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានរៀបចំកិច្ចការមួយចំនួនដូចជា៖ ការធ្វើពិពិធកម្មផលិតផលសម្បទាន និងសេវាកម្មទេសចរណ៍ ដែលធ្វើយ៉ាងណាបង្កើតឱ្យមានផលិតផលទេសចរណ៍កាន់តែច្រើន។

លោកឡុង ឌីម៉ង់ កន្លែងខ្លះដែលត្រូវកែច្នែបន្ថែម លើទីតាំងមានសក្តានុពល នោះផលិតផលថ្មីៗក៏ត្រូវបង្កើតបន្ថែមដែរ។

ដោយឡែក ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ជាចំណុចមួយដ៏សំខាន់ដែរ។ កន្លងទៅមន្ទីរទេសចរណ៍ខេត្ត ក៏បានចុះផ្សព្វផ្សាយសូម្បីអ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៊ី អ្នកឆុងកាហ្វេ អ្នករៀបចំបន្ទប់នៅតាមបណ្តាសណ្ឋាគារ ចុងភៅ និងអ្នកបម្រើការនៅតាមភោជនីយដ្ឋានជាដើម។ ចំពោះវិជ្ជាជីវៈមានច្រើនដូចជា ភាសា និងការធ្វើបដិសណ្ឋារកិច្ចជាដើមដែលត្រូវពង្រឹង ទន្ទឹមនឹងការពង្រឹង ក៏ត្រូវបង្កើតថ្មីបន្ថែមទៀត។

ក្រៅពីនេះ ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍បន្ថែមគឺសំខាន់ ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត បានចាត់ទុកថា ការសិក្សាទីផ្សារត្រូវធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន គ្រប់រដូវកាល។

ទន្ទឹមគ្នានេះ ត្រូវជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដែលផ្តល់ការលើកទឹកចិត្ត និងផ្តល់នូវការសម្របសម្រួល គ្រប់លក្ខណៈសម្ប​ត្តិទាំងអស់ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគ ដែលមានលទ្ធភាពសក្តានុពលក្នុងការវិនិយោគ ឬធ្វើអាជីវកម្មចូលរួមចំណែក ក្នុងវិស័យទេសចរណ៍។

លោក ឡុង ឌីម៉ង់បានបញ្ជាក់ថា “មិនមែនមានតែអ្នកវិនិយោគនោះទេ ប៉ុន្តែក៏ផ្តល់ការលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកជំនាញខាងអេកូទេសចរណ៍ និងអ្នកជំនាញខាងទេសចរណ៍ ក្រោមបាតសមុទ្រដែរ ខណៈខេត្តព្រះសីហនុ បានដាក់ចេញគោលការណ៍បង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន”។

លោកបន្ថែមថា កត្តាប្រមូលផ្តុំគ្នា ខាងជំនាញទេសចរណ៍ទាំងអស់នេះហើយ គឺបានផ្តល់នូវការរួមគ្នា បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់វ័យទាំងអស់ឱ្យមកទស្សនាកម្សាន្តខេត្តព្រះសីហនុ កាន់តែច្រើនឡើងបន្ថែម។

ពាក់ព័ន្នឋផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទេសចរលោកឡុង ឌីម៉ង់បានបញ្ជាក់ថា ប្រសិនបើភ្ញៀវទេសចរទៅលេងកន្លែងមួយដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាព គឺប្រហែលជាមិនអាចទៅកម្សាន្តនោះទេ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនេះ គឺជាកត្តាសំខាន់ជាស្នូល សម្រាប់ធ្វើយ៉ាងណា ផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរ។ ចំណែកការពង្រឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេស​ចរណ៍ផ្សេងៗទៀតដែលល្មើសច្បាប់ ក៏ត្រូវតែពង្រឹងដូចគ្នា ក្នុងករណីចេញអាជ្ញាប័ណ្ណសម្រាប់បើកសណ្ឋាគារ ប៉ុន្តែបែរជាទៅបើកល្បែងឬកាស៊ីណូជាដើម នោះត្រូវតែលុបអាជ្ញាប័ណ្ណចោលតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here