ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម “ពិធីបួងសួងចម្រើនសេចក្តីសុខ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ “សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន” និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
“ពិធីបួងសួងចម្រើនសេចក្តីសុខ” ត្រូវបានប្រារព្ធធ្វើចំនួន៣ ទីតាំង ទី១ នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម ទី២ តំបន់អភិរក្សអង្គរ និងទី៣ នៅប្រាសាទអង្គរតូច ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៌ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបាន និងសូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាស ដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលថ្ងៃនេះជាថ្ងៃបិណ្ឌ៨ “លោកជំទាវបណ្ឌិត” សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ សូមធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព ទៅដល់គោលដៅ និងត្រឡប់មកដល់ផ្ទះវិញដោយស្នាមញញឹមផងដែរ៕