ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិTurkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ព័ត៌មានដ៏ល្អនេះត្រូវបានលើកឡើង ក្នុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងរាយការណ៍ជូនផ្ទាល់ ពីការហោះហើរត្រង់និងផ្ទាល់ជាលើកដំបូងរវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កា លើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា ដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ទំនើប និងទាន់សម័យ ដែលជាសមិទ្ធិផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានហោះហើរដល់គោលដៅជាង៣៥០កន្លែង ដល់ប្រទេសចំនួន១៣០ប្រទេស នៅជុំវិញពិភពលោក ៕