ដោយៈ ស៊ីវ ម៉េង
កណ្តាលៈ អ្នកជំនាញបានលើកឡើងថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ បានធ្វើឲ្យអ្នកវិនិយោគសម្លឹងស្វែងរកឱកាសវិនិយោគដីធ្លី នៅជុំវិញតំបន់ខាងលើ និងតាមបណ្តោយផ្លូវជាតិលេខ១។
អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៨ កញ្ញាថា ស្ថានភាពទីផ្សារ ជាទូទៅនៅតែដំណើរការ ប៉ុន្តែសកម្មភាពទិញ លក់ជាទូទៅមិនទាន់មានសកម្មភាពរសរវើកនៅឡើយទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ សកម្មភាពទិញ លក់ហាក់កំរើកឡើងវិញ នៅតាមបណ្តោយផ្លកូវជាតិលេខ១ និងតំបន់ជុំវិញព្រលានយន្តហោះថ្មី។
លោកបញ្ជាក់ថា “អ្នកវិនិយោគបានសម្លឹងមើលឱកាស និងសក្តានុពលលើដី ដែលមានឱកាសចំណេញ និងទីតាំងល្អ ពួកគាត់នៅតែសម្រេចចិត្តវិនិយោគ”។ លោកបន្តថា “មួយរយៈចុងក្រោយសកម្មភាព ទិញលក់នៅតំបន់ដែលបានលើកឡើងនេះ បានងើបឡើងវិញ គ្រាន់តែមិនមានសកម្មភាពផុសផុលខ្លាំងនៅឡើយទេ”។
អ្នកជំនាញមួយចំនួនទៀតបានលើកឡើងថា ទីផ្សារដីធ្លីបានដាំក្បាលចុះខ្លាំងចាប់ពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ដោយតំបន់ខ្លះតម្លៃដីបានធ្លាក់ចុះចន្លោះពី២០ទៅ៥០ភាគរយ។
ជាមួយគ្នានេះ លោកសឿន សុធា អ្នកលក់ដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ១បានលើកឡើងថា ទីផ្សារដីធ្លី ឲ្យតែមានតម្លៃល្អ នៅតាមបណ្តោយផ្លូវនេះ ក្នុងមូលដ្ឋានស្រុកកៀនស្វាយនៅតែមានអ្នកទិញយក ហើយដីឡូត៍ ដែលម្ចាស់គំរោងបើកលក់ទំហំ១ហិកតា យកមកពុះលក់ តែងតែទទួលបានការគាំទ្រ និងលក់ដាច់អស់ក្នុងរយៈពេលមិនយូរទៀតនោះទេ។
លោកបន្តថា “សកម្មភាពទិញ លក់ដីឡូត៍នៅតែមានជាហូរហែរ ពិសេសជនជាតិខ្មែរសែរស្រឡាយចិន នៅតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ តែងតែជាអតិថិជនរបស់លោក”៕