ដោយៈ គង់ ម៉ាណា
ជប៉ុនៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បង្កើតជើងហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចការងារចូលរួម ពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់ ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដ៏ធំមួយនេះដែលបានហោះហើរ ចំនួន២២០គោលដៅនៅប្រទេស ចំនួន៣៥ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមក រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕