ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសបន្តការលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) សម្រាប់ការទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២៧ ក្នុងគោលបំណងផ្តល់ភាពប្រាកដប្រជារយៈពេលវែងសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសឥណ្ឌូនេសុី។
វិធានការលើកទឹកចិត្តនេះត្រូវបានគេរំពឹងថា នឹងធានាបាននូវស្ថិរភាពសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Jakarta Globe។
នៅក្រោមវិធានការនេះ អ្នកទិញផ្ទះ ឬអាផាតមុិន ដែលមានតម្លៃអតិបរមាត្រឹម៥ពាន់លានរូពៀ (ប្រមាណ៣០០.០០០ដុល្លារអាមេរិក) មានសិទ្ធិទទួលបានការលើកលែងពន្ធអាករលើតម្លៃបន្ថែម១០០ភាគរយលើទំហំទឹកប្រាក់ចំនួន២ពាន់លានរូពៀនៃតម្លៃផ្ទះសរុប។
-->
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេសុីនឹងទទួលបន្ទុកទាំងស្រុងចំពោះអាករលើតម្លៃបន្ថែមសម្រាប់ការទិញផ្ទះដែលមានតម្លៃត្រឹម២ពាន់លានរូពៀ។

គោលនយោបាយនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ការទិញផ្ទះប្រហែល៤០.០០០យូនីតក្នុងមួយឆ្នាំ។ ការណ៍នេះនឹងជំរុញវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។
ដើមឡើយ ការលើកលែងអាករលើតម្លៃបន្ថែម១០០ភាគរយបានអនុវត្តន៍ចំពោះការទិញផ្ទះចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ និងការលើកលែង VAT ចំនួន៥០ភាគរយចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៥។
ក្រោយមកទៀត រដ្ឋាភិបាលឥណ្ឌូនេសុីបានសម្រេចចិត្តបន្តការលើកលែង VAT ចំនួន១០០ភាគរយ រហូតដល់ចុងឆ្នាំ២០២៥ មុនពេលប្រកាសអនុវត្តន៍វិធានការនេះរហូតដល់ដំណាច់ឆ្នាំ២០២៧៕ប្រភព: Jakarta Globe៕
