លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ

0
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណា​ងបានលើកឡើងពីការវិនិយោគផ្ទះតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី៩៩៩៩ ដល់២៥០០០ដុល្លារអាមេរិក។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៥ តុលាថា បើសង់ម្តងមួយពាន់ផ្ទះ សម្រាប់លក់តាមទីរួមខេត្ត ឬតំបន់ឧស្សាហកម្ម តម្លៃ $25,000 នោះអាចមានអ្នកទិញច្រើន ដោយមានភ្ជាប់មកជាមួយសាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងហាត់ប្រាណ។

លោកបន្តថា បើចង់លក់តម្លៃត្រឹម$9,999 អោយមន្រ្តីរាជការគ្រប់ប្រភេទ ដែលបានបំរើជាតិចាប់ពី ២០ឆ្នាំឡើងទៅ ដោយអោយបង់ប្រចាំខែទាំងដើមទាំងការត្រឹម$99 ក៏អាចធ្វើទៅបាន ក្នុងលក្ខខណ្ឌដែលរាជការជួយផ្តល់ដី ជួយធ្វើហេដ្ឋារចនាសម្ព័ន្ធ ជួយពន្ធ និងអាជ្ញាបណ្ណ័ ដោយទុកអោយ គីម ហ៊ាង ចេញតែថ្លៃសាងសង់ និងលក់យកចំណេញតិចតូច។

ទីផ្សារលំនៅដ្ឋានបានងាកមកកាន់តម្លៃសមរម្យ ខណៈទីផ្សារត្រូវបានគេមើលឃើញថា លំនៅដ្ឋានប្រណីតបានសាងសង់លើសតម្រូវការទីផ្សារ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋធ្លាក់ចុះ និងជាប់ផុងក្នុងបំណុល។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលស្គាល់ថា តម្លៃលំនៅដ្ឋាន ដែលមានភាពសមស្រប នឹងតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើន​ មានតម្លៃត្រឹម២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោកបន្តថា នៅពេលខាងមុខ ក្រសួងនឹងបញ្ចេញរបាយការណ៍សិក្សា ដើម្បីផ្តល់ជូនអ្នកអភិវឌ្ឍន៍បានដឹងថា តើមួយឆ្នាំកម្ពុជាត្រូវការសាងសង់លំនៅដ្ឋានប៉ុន្មានសម្រាប់ប្រជាជនជាក់លាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here