វិនិយោគិនប៉ូឡូញសញ្ជាតិកម្ពុជាបោះទុនវិនិយោគសាងសង់សណ្ឋាគារប្រណីតនៅកោះឋានសួគ៌ខេត្តព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ អ្នកធុរកិច្ចប៉ូឡូញ ទទួលបានសញ្ជាតិខ្មែរ លោកស្រី IWONA MAGDA KMIECIK និងស្វាមីបានបោះទុនសាងសង់​សណ្ឋាគារ​ដ៏ប្រណីត​ដែល​មាន​កម្ពស់១១ជាន់ជាលើកដំបូងនៅកោះឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោម​វត្តមាន​រដ្ឋមន្រ្តី ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ អភិបាល​ខេត្ត​ព្រះសីហនុ រួម​ទាំង​ម្ចាស់​គម្រោង​វិនិយោគ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ គម្រោង Port Yves Palace លោកស្រីIWONA MAGDA KMIECIK នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​M.B.I.S Development Co., Ltd, និងជាម្ចាស់រមណីយដ្ឋានAPSARA RESORTបាន​បញ្ជាក់​ថា គម្រោង​សាងសង់​អគារ​ពហុ​មុខងារ និង​សណ្ឋាគារ​ដ៏​ប្រណិត Port Yves Palace ​តាម​ផែនការ​គ្រោង​បញ្ចប់​ការ​សាងសង់ ​នៅ​អំឡុង​ឆ្នាំ២០២៧​ ខាងមុខ។

ជាមួយ​ការ​សាងសង់​អគារ​ស្នាក់នៅ ដ៏ប្រណីត​​ដែល​មាន​ចំនួន ១៥០បន្ទប់ តាមរយៈ​គម្រោង​វិនិយោគ​នេះ ​មិនមែនជាចេតនា​បង្ហាញពីអំណាចនោះទេ ប៉ុន្តែចង់បង្ហាញអំពី​តុល្យភាព និង​ភាព​សុខដុមរមនាចុះសម្រុង​ជាមួយ​ពិភពលោក​ជុំវិញខ្លួន ខណៈ​រាល់ផ្នែក​ប្រតិបត្តិការ​នៃគម្រោង នឹង​ត្រូវធ្វើឡើងដោយ​យកចិត្តទុកដាក់​ចំពោះបរិស្ថាន ដោយ​ប្រើ​ដំណោះស្រាយ​ ដែល​ការពារធម្មជាតិ និងរួមចំណែកដល់​អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និង​រួម​ចំណែក​ដល់កំណើនសេដ្ឋកិច្ច ប្រក​បដោយចីរភាព។

លោក​ស្រីIWONA MAGDA KMIECIK ​បានបញ្ជាក់ថា “គម្រោងនេះ​ គឺច្រើន​ជាង​ការ​វិនិយោគ ប៉ុន្តែ​វាជាក្តីសុបិនរួម”។

លោក​ស្រី IWONA MAGDA KMIECIK វិនិយោគិន​មាន​សញ្ជាតិ​ដើម​ប៉ូឡូញ និង​ទើប​​ទទួលបាន​​សញ្ជាតិ​កម្ពុជា​ផង​នោះ​ បាន​ប្រដូច​កោះរ៉ុង ​ទៅនឹង​កោះ​ឋាន​សួគ៌ ដែល​ពិបាក​រក​នៅ​កន្លែង​ណា​ផ្សេង​អាច​​ប្រដូច​បាន។

លោកស្រីបញ្ជាក់ថា “ខ្ញុំ​បាន​ជួប​មនុស្សជាច្រើន ​ប្រកប​ដោយ​ទឹកចិត្ត និងភាពបរិសុទ្ធ​រីករាយ ហើយ​ចាប់​ពី​ពេល​នោះ​មក ប្តី​របស់​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ថា តើ​​​​យើង​គួរ​សាង​អ្វី​នៅ​ទីនេះ”។ លោកស្រីបន្តថា “ត្រូវតែ​ធ្វើ​ដើម្បី​កម្ពុជា ដូច​ការគោរព​ជាតិ​មាតុភូមិ​របស់​យើង ដើម្បី​ធម្មជាតិ និង​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល និង​ប្រជាជន​រស់នៅ​លើ​កោះនេះ​”។

នេះ​ហើយ​ជា​មូល​ហេតុ ​ដែល​គម្រោង​ផត អ៊ីវស៍ ផាលេស និង​មិន​ត្រឹមតែឈរ​នៅលើកោះនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៍​បង្កើត​ការ​រីកចម្រើនប្រកបដោយចីរភាព​ជាមួយកោះ​នេះផងដែរ។

លោកស្រី​បន្ត​ថា “ក្នុងបេះដូងនៃធម្មជាតិ យើងចាប់ផ្តើមបង្កើតគម្រោងផត អ៊ីវស៍ ផា​លេស (Port Yves Palace) ដែលផ្តល់នូវសម្រស់​ដ៍ស្រស់ស្អាតដល់ប្រទេសកម្ពុជា មនុស្សសត្វ និង​ភពផែនដី ដែល​ផ្សារ​ភ្ជាប់យើងទាំងអស់គ្នា។

លោកស្រី​បន្ថែមថា “ប្រទេសកម្ពុជា​បានផ្តល់សញ្ជាតិដល់ខ្ញុំ។ ការផ្តល់ជូន និង​ការទទួល​ស្គាល់​ដ៏អស្ចារ្យនេះ នាំឱ្យរំភើបដល់ទឹកចិត្តខ្ញុំ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ ដឹងគុណចំពោះប្រទេសនេះ”។លោក​ស្រី​បន្ត​ថា “ឥឡូវនេះខ្ញុំមានអារម្មណ៍ថា ដូចជាសមាជិកពិតប្រាកដនៃប្រជាជាតិនេះ វាមិនមែនត្រឹម​តែនៅលើឯកសារតែប៉ុណ្ណោះទេ”។

លោកស្រីបន្ថែមថា “ខ្ញុំ​ឆ្លើយតបជាមួយនឹងការទទួលខុសត្រូវ ត្រឡប់មកឱ្យកម្ពុជាវិញ រួមទាំងរាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​របស់​យើង ​ប្រកប​ដោយភក្តីភាព ក្តីសង្ឃឹម និងការគោរពចំពោះប្រទេសកម្ពុជា និងអនាគតរបស់កម្ពុជា”។

Port Yves Palace នឹង​រួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ជា​ពិសេសរួម​ចំណែក​ដល់គោលដៅ ដែល​បានកំណត់​ដោយរាជ​រដ្ឋាភិបាល​ ដែល​នាំ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050។ នេះបើតាមលោកស្រី IWONA MAGDA KMIECIK មានប្រសាសន៍។

លោកស្រី IWONA MAGDA KMIECIK បានបញ្ជាក់​ថា តាមរយៈ​គម្រោង​អភិវឌ្ឍ​ន៍នេះ ​នឹង​ផ្តល់​ឱកាស​ការងារ​អចិន្ត្រៃយ៍​យ៉ាងតិច ៣៥០កន្លែង​ដល់​ប្រជាជន​កម្ពុជា និង​យ៉ាង​ហោច​ណាស់​ឱកាសការងារ​កិច្ចសន្យា៥០០កន្លែង ក្នុង​អំឡុង​ពេល​សាងសង់ និង​ដំណាក់កាលចាប់ផ្តើម។

លោក​ស្រី​រំពឹង​ទុកថា តាម​រយៈ​គម្រោង Port Yves Palace ក៏​នឹង​ទាក់ទាញ​ភ្ញៀវទេសចរណ៍ មក​កម្ពុជា​កាន់តែ​ច្រើន បង្កើត​អនុស្សាវរីយ៍ល្អៗ​សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ បន្ថែម​ពី​នេះ គម្រោង​នេះ​នឹងនាំមកនូវជីវិតថ្មីដល់កោះនេះ រួម​ទាំង​កសាងស្ពានវប្បធម៌ ស្ពាន​យោគយល់ និង​គោរព​គ្នា​ទៅវិញទៅមក។

ម្ចាស់​គម្រោង​វិនិយោគ​លោក​ស្រី​ IWONA MAGDA KMIECIK ក៏​បានលើកឡើង ​ពីការ​​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​លោក​ស្រី​មិន​ស្ទាក់ស្ទើរក្នុងការ​ប្រាប់មិត្តភ័ក្តិ និង​អ្នកវិនិយោគ​ថា កម្ពុជា​ជាប្រទេស​ដែល​មាន​សន្តិភាព និង​បានបង្កើត​គោលនយោបាយ​គាំទ្រ ​អ្នក​វិនិយោគ។ ជាឧទាហរណ៍ ជាមួយ​នឹង​គម្រោង​ដំបូង​របស់​លោកស្រី​គឺ​រមណីយដ្ឋាន​អប្សរា ដែល​រាជរដ្ឋាភិបាល​បាន​សម្របសម្រួល​នីតិវិធី និងផ្តល់ការលើកលែង និងការលើក​ទឹកចិត្តផ្សេងៗ​ជាច្រើន។

ថ្លែង​ជា​សាក្សី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា ​បើក​ការដ្ឋាន​សាងសង់​គម្រោង​អគារ​ពហុ​មុខងារ​ និង​សណ្ឋាគារ​ប្រណីត Port Yves Palace ​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ ទំហឹង​លើ​គម្រោង​វិនិយោគ​ សាងសង់​អគារ​ស្នាក់នៅ​ដ៏​ប្រណិត​កម្ពស់​១១ ជាន់​ជា​ប្រវត្តិសាស្ត្រ​នៅ​លើ​កោះរ៉ុង។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា “ការ​វិនិយោគ​នេះ​ មិន​ត្រឹម​តែ​ជា​សណ្ឋា​គារ​សម្រាប់​ស្នាក់នៅ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​កកើត​ជីវិត​ថ្មី​មួយ​ទៀត​សម្រាប់កោះឋានសួគ៌​របស់ប្រទេស​កម្ពុជា”។លោកបន្ត​ថា “តាមរយៈ​គម្រោង​វិនិយោគ​នេះ នឹង​ផ្តល់​ជម្រើស​ថ្មី​បន្ថែម​ទៀត ​សម្រាប់​ទេស​ចរណ៍ ដែល​ត្រូវ​ការ​កន្លែង​ស្នាក់នៅ​ដែល​មាន​ភាព​ទំនើប ប្រកប​ដោយ​ស្តង់ដា​ខ្ពស់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here